ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង(BOK)បានបង្ហាញនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ក្នុងល្បឿនលឿនជាងមុនបន្តិចនៅក្នុងត្រីមាសទី២ ទោះបីជាការនាំចេញដាំក្បាលចុះយ៉ាងណាក្តី។
ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសកូរ៉េខាងត្បូង (GDP) ដែលជារង្វាស់សំខាន់នៃកំណើនសេដ្ឋកិច្ច បានកើនឡើង០,៦ភាគរយនៅត្រីមាសទី២ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ពោលគឺត្រូវគ្នានឹងការព្យាករណ៍ពីមុន។កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងនៅក្នុងត្រីមាសទីពីរគឺមានអត្រាខ្ពស់ជាង បើប្រៀបធៀបនឹងកំណើនត្រឹមតែ០,៣ភាគរយនៅក្នុងត្រីមាសទីមួយ។
សេដ្ឋកិច្ចធំបំផុតលំដាប់ទី៤របស់តំបន់អាស៊ីមួយនេះ បានស្ថិតនៅលើផ្លូវនៃការងើបឡើងវិញ ចាប់តាំងពីវាបានធ្លាក់ចុះ០,៣ភាគរយនៅក្នុងត្រីមាសទី៤ កាលពីឆ្នាំមុន។ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង០,៩ភាគរយនៅក្នុងត្រីមាសទី២ ពោលគឺដូចគ្នាទៅនឹងអត្រាកើនឡើងប្រចាំឆ្នាំក្នុងត្រីមាសទីមួយដែរ។