ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនQatar Airways បានសម្រេចបើកជើងហោះហើរពីទីក្រុងដូហា ប្រទេសកាតា មកកាន់រាជធានីភ្នំពេញឡើងវិញ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលាឆាប់ៗខាងមុខនេះ បន្ទាប់ពីបានផ្អាកការហោះហើរត្រង់ រវាងប្រទេសទាំងពីរ កាលពីខែមេសា ឆ្នាំ២០២០។
នេះបើយោងតាមសារពត៌មានឡាវ Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៣នេះ។
-->
ជាមួយគ្នានោះ ឧស្សាហកម្មអាកាសចរណ៍ ដែលកំពុងអភិវឌ្ឍរបស់កម្ពុជា គឺជាសញ្ញាល្អមួយ ដែលបង្ហាញថាសេដ្ឋកិច្ចក្នុងតំបន់កំពុងចាប់ផ្តើមស្ទុះងើបឡើងវិញ តាមរយៈវិស័យទេសចរណ៍អន្តរជាតិ។
ស្រដៀងគ្នានេះដែរ ខណៈកម្ពុជាខិតកាន់តែ ជិតដល់ការបញ្ចប់កិច្ចចចារលើព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេរភាគីជាមួយឥណ្ឌា ដែលជាប្រទេសមានប្រជាជនជាង១៤០០លាននាក់។ ដូច្នេះ ការបើកដាក់ឱ្យប្រើប្រាស់ផ្លូវហោះហើរត្រង់ រវាងប្រទេសឥណ្ឌា និងកម្ពុជាក៏អាចចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះផងដែរ។
ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ពិចារណាលើការចាប់ផ្ដើមជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ។
លោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៃរដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ថា “វិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា កំពុងស្ទុះងើបឡើងវិញជាបណ្តើរៗ ដូច្នេះវាជាពេលវេលាដ៏ល្អ ក្នុងការស្នើបើកការហោះហើរឡើងវិញជាមួយក្រុមហ៊ុន ANA”។
លោកបានបន្ថែមថា “យើងក៏ចង់ដឹងដែរថា តើមានកត្តាអ្វីខ្លះដែលរារាំង ការសម្រេចចិត្តរបស់ក្រុមហ៊ុន ANA ក្នុងការមិនបើកជើងហោះហើរមកកាន់កម្ពុជាឡើងវិញនៅពេលនេះ”។
យ៉ាងណាមិញ ខណៈកំពុងរង់ចាំសេចក្តីបញ្ជាក់ចុងក្រោយ លើជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន ឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា ក៏កំពុងត្រៀមខ្លួនសម្រាប់ទទួល លំហូរភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោកផងដែរ៕