ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់អាស៊ានសម្រេចបាន ភាពរីកចម្រើនយ៉ាងល្អប្រសើរ ក្នុងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសកូរ៉េខាងត្បូង ហុងកុង ចិន និងជប៉ុន ក្នុងអំឡុងនៃកិច្ចប្រជុំរបស់ក្រុមមន្ត្រីហិរញ្ញវត្ថុ និងពាណិជ្ជកម្មជាន់ខ្ពស់នៅទីក្រុង Subaraya ប្រទេសឥណ្ឌូនេស៊ី។
លោក Duangarthit Nidhi-u-tai អគ្គនាយករងនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ បានមានប្រសាសន៍ថា ការកែលម្អកាន់ប្រសើរឡើងនេះ នឹងជួយលុបបំបាត់របាំងពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ជាពិសេសសម្រាប់ផលិតផលកសិកម្ម និងឧស្សាហកម្ម។
លោកបានបន្តថា ទន្ទឹមគ្នានោះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានគេរំពឹងថា នឹងជួយលើកកំពស់ដល់ការច្នៃប្រឌិត របស់ភាគីពាក់ព័ន្ធទាំងអស់ និងនិរន្តរភាពកំណើនសេដ្ឋកិច្ចនៃតំបន់ទាំងមូល និងដៃគូរបស់ខ្លួនផងដែរ។
កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ១៤-១៥ ខែកក្កដា។ ក្រុមចរចារតំបន់អាស៊ាន បានពិភាក្សាជាមួយតំណាងរបស់ប្រទេសនីមួយៗ ដែលនាំឱ្យមានការកែលម្អផ្សេងៗ ចំពោះកិច្ចព្រមព្រៀង FTA នីមួយៗ។
លោក Duangarthit បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៩ (AKFTA) សម្រេចបានការធ្វើឱ្យប្រសើរឡើង នូវតារាងកាត់បន្ថយពន្ធចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ ហើយ រដ្ឋជាសមាជិកអាស៊ានចំនួន៩ បានយល់ព្រមរួចមកហើយចំពោះពិធីសារនេះ ដែលនឹងជួយសម្រួល និងពន្លឿនពាណិជ្ជកម្មអាស៊ាន-កូរ៉េប្រកបដោយតម្លាភាព។
ជាមួយគ្នានេះ អាស៊ាន និងចិនបានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ចិន (ACFTA) លើកទី៤៤ ជាពិសេសលើវិស័យកសិកម្ម និងការនាំចេញឧស្សាហកម្ម។
ចំណែកឯ កិច្ចពិភាក្សាលើក្របខណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន លេខ 2/28 បានពន្លឿនការសន្និដ្ឋានគំនិតផ្តួចផ្តើមស្តីពី “ការរចនាអនាគត និងផែនការសកម្មភាព សម្រាប់ការច្នៃប្រឌិត និងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្នាំ២០២៣ដល់ឆ្នាំ២០៣៣”។
លើសពីនេះ ការចរចាទ្វេរភាគីលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) លើកទី១១ បាននាំឱ្យមានការបញ្ចប់ច្បាប់ Product Specific Rules (PSRs) ដែលជាលក្ខណៈវិនិច្ឆ័យទៅលើប្រភពដើមផលិតផល៕