ការចំណាយរបស់ប្រជាជនជប៉ុន បានដាំក្បាលចុះមិនធ្លាប់មាន

0

ដោយៈ តែម សុខុម

តូក្យូៈ ការចំណាយក្នុងគ្រួសារនៅប្រទេសជប៉ុន បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត២ឆ្នាំកន្លះមកនេះដោយសារតែទំនិញឡើងថ្លៃ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែកញ្ញា នេះ។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន សម្រេចបានកំណើនលឿនជាងការរំពឹងទុក ក្នុងត្រីមាសទី២ ដោយសារការបញ្ចប់នូវរឹតបន្តឹងកូវីដ-១៩ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្នុងប្រទេសនេះ ហើ​យក្រុមអ្នកវិភាគរំពឹងថា តម្រូវការប្រើប្រាស់ឯកជន នឹងជួយគាំទ្រកំណើនទាំងមូល ស្របពេលតម្រូវការក្នុងពិភពលោកធ្លាក់ចុះ។

ទិន្នន័យផ្លូវការបានបង្ហាញ នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា កន្លងមកថា ការចំណាយក្នុងគ្រួសារនៅប្រទេសជប៉ុន បានធ្លាក់ចុះ៥,០%ក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន។ នេះបង្ហាញពីការធ្លាក់ចុះ៥ខែជាប់ៗគ្នា ហើយការធ្លាក់ចុះនេះ គឺខ្ពស់ខ្លាំងបើធៀបនឹងការព្យាករ២,៥%។

មន្ត្រីមួយរូបនៅក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍បានលើកឡើងថា ការចំណាយលើការទទួលទានអាហារ នៅខាងក្រៅ ការធ្វើដំណើរ សេវាវប្បធម៌ និងកម្សាន្តបានកើនឡើងស្របគ្នា នឹងការកើនឡើង នៃចំនួនមនុស្សដែលចេញទៅក្រៅ ប៉ុន្តែមានការថយចុះក្នុងវិស័យជាច្រើន ដូចជា ចំណីអាហារ និងលំនៅឋានជាដើម។

មន្ត្រីរូបនេះនិយាយថា “ការឡើងថ្លៃបានបង្កផលប៉ះពាល់មួយចំនួន” ហើយលោកបានគូសបញ្ជាក់ថា ការធ្លាក់ចុះ៥,០%នេះរួមបញ្ចូលទំនិញ ដែលប្រែប្រួលខ្លាំងដូចជាការទិញផ្ទះ និងរថយន្តផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here