ដោយ: គង់ លាងហួរ
បាងកក: ធនាគារកណ្តាលថៃបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ក្នុងខែកញ្ញានេះ បន្ទាប់ពីកំណើន GDP និងអត្រាអតិផរណាមានកម្រិតទាបជាងការព្យាករណ៍។
តួយ៉ាង កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃមានអត្រាត្រឹមតែ១,៨%ប៉ុណ្ណោះ នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣នេះ ពោលគឺទាបជាងការព្យាករណ៍របស់ធនាគារកណ្តាល។
លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ បានថ្លែងក្នុងសិក្ខាសាលាមួយកាលពីថ្ងៃអង្គារថា កំណើនដ៏ទន់ខ្សោយនេះបណ្តាលជាចម្បងមកពីកត្តាខាងក្រៅ ខណៈធនាគារកណ្តាលគ្រោងនឹងពិនិត្យមើលលើការវាយតម្លៃសេដ្ឋកិច្ចរបស់ខ្លួនក្នុងខែកញ្ញានេះ។
លោក Sethaput បានបញ្ជាក់ថា “យើងនឹងពិនិត្យមើលឡើងវិញនូវកំណើន GDP និងទិន្នន័យសេដ្ឋកិច្ចផ្សេងទៀត រួមទាំងអតិផរណានៅក្នុងខែកញ្ញានេះផងដែរ”។
លោកបានមានប្រសាសន៍បន្ថែមថា “ធនាគារកណ្តាលថៃមានទំនុកចិត្តលើការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស និងកំណើននៃការប្រើប្រាស់ឯកជនសម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំនេះរហូតដល់ឆ្នាំក្រោយទៀត ប៉ុន្តែ យើងមានទំនុកចិត្តតិចចំពោះកំណើននៃការនាំចេញ”៕