Hattha top Banner

គម្រោងធ្វើទំនើបកម្មអាកាសយានដ្ឋានតម្លៃ៣ពាន់លានដុល្លារ របស់ហ្វីលីពីន កំពុងទាក់ទាញក្រុមហ៊ុនដេញថ្លៃ

0

តែម សុខុម

ហ្សាការតា: គម្រោងមួយដែលមានតម្លៃ៣ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់នៅហ្វីលីពីន ទាក់ទាញបានក្រុមហ៊ុនដេញថ្លៃចំនួន៣រួមទាំងក្រុមហ៊ុនឥណ្ឌា GMR Group ផងដែរ។ នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃពុធ ទី៦ ខែកញ្ញា។

ដោយជាប់ចំណាត់ថ្នាក់ក្នុងចំណោមច្រកទ្វារអន្តរជាតិដ៏អន់បំផុតរបស់ពិភពលោក អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport (NAIA) ដែលមានសភាពចាស់ទ្រុឌទ្រោម ពិតជាត្រូវការការជួសជុលកែលម្អជាចាំបាច់ដើម្បីបញ្ចប់បញ្ហាពន្យារពេលជើងហោះហើរដ៏រ៉ាំរ៉ៃ ដោះស្រាយការកកស្ទះ និងធ្វើការកែលម្អគ្រឿងបរិក្ខារនានា។

រដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីន លោក Jaime Bautista បានបញ្ជាក់ថា អ្នកដេញថ្លៃពីរផ្សេងទៀតគឺក្រុមហ៊ុនសាជីវកម្ម San Miguel corporation និងសម្ព័ន្ធក្រុមហ៊ុនមួយនៅក្រុងម៉ានីល ដែលសំណើសុំដេញថ្លៃក្នុងតម្លៃ៤,៩ពាន់លានដុល្លារ សម្រាប់គម្រោងនេះត្រូវបានច្រានចោលមុននេះ។

ក្រុមហ៊ុនឥណ្ឌា GMR Group បាននិងកំពុងធ្វើប្រតិបត្តិការអាកាសយានដ្ឋានមួយនៅលើកោះទេសចរណ៍ហ្វីលីពីន Cebu។

លោក Jaime Bautista បានលើកឡើងក្នុងបទសម្ភាសន៍មួយនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ថា “យើងចង់បានអ្នកដែលមានបទពិសោធន៍ផ្នែកធ្វើប្រតិបត្តិការអាកាសយានដ្ឋាន និងមានប្រវត្តិល្អផ្នែកហិរញ្ញវត្ថុ”។

លោកបានបន្តថា រដ្ឋាភិបាលហ្វីលីពីន នឹងព្យាយាមស្វែងរកអ្នកវិនិយោគក្រៅប្រទេសតាមរយៈកម្មវិធី Roadshow ចំនួនពីរគឺនៅប្រទេសសិង្ហបុរី នាសប្តាហ៍ក្រោយ និងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសប្តាហ៍ទី៣ នៃខែកញ្ញា មុនពេលបើកការដេញថ្លៃនៅសប្តាហ៍ចុងក្រោយនៃខែធ្នូ និងប្រកាសឈ្មោះអ្នកដេញថ្លៃឈ្នះនៅក្នុងខែមករា ដើមឆ្នាំ២០២៤។

លោកបានបន្តថា អ្នកដេញថ្លៃឈ្នះនឹងត្រូវទទួលបន្ទុកដំណើរការ និងថែទាំអាកាសយានដ្ឋានខាងលើនេះដែលសមត្ថភាពរបស់វានឹងកើនឡើងទ្វេដង បន្ទាប់ពីការជួសជុលកែលម្អដើម្បីទទួលអ្នកដំណើរឱ្យបានប្រមាណ៦០លាននាក់ក្នុងមួយឆ្នាំ ហើយថា រយៈពេលសម្បទានដែលត្រូវបានផ្តល់ជូនគឺ២៥ឆ្នាំ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here