តែម សុខុម
វៀងចន្ទន៍: ស្របពេលសេដ្ឋកិច្ចឡាវ បច្ចុប្បន្នកំពុងដាំក្បាលចុះ និងកើតមានវិបត្តិថ្លៃចំណាយជីវភាពកើនឡើងខ្ពស់ ក្រុមហ៊ុនសំណង់នានាក្នុងប្រទេសនេះកំពុងជួបបញ្ហាប្រឈមកាន់តែខ្លាំងឡើង ខណៈកម្លាំងការងារក្នុងស្រុកធ្វើចំណាកស្រុកចេញក្រៅប្រទេស ដើម្បីស្វែងរកឱកាសការងារល្អប្រសើរ។
និន្នាការនេះបានបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះអនាគតនៃឧស្សាហកម្មសំណង់ នៃប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ ខែកញ្ញា។
-->
វិបត្តិការងារបាននិងកំពុងកើតឡើងនៅក្នុងប្រទេសឡាវ តាំងពីឆ្នាំមុនមកម្ល៉េះ ដែលបានជះផលប៉ះពាល់ដល់ឧស្សាហកម្មនានារាប់ចាប់ពីវិស័យទេសចរណ៍រហូតដល់វិស័យអប់រំ ជាមួយនឹងការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក អតិផរណាហក់ឡើងខ្ពស់ និងប្រាក់ឈ្នួលទាប ជាហេតុបង្ខំឱ្យកម្មករគិតគូរឡើងវិញចំពោះអនាគតរបស់ពួកគេ។
កម្មករជាច្រើនបានធ្វើការសម្រេចចិត្តស្វែងរកឱកាសការងារនៅក្រៅប្រទេស ទាំងតាមរយៈកម្មវិធីដែលសម្របសម្រួលដោយរដ្ឋាភិបាល ឬ តាមមធ្យោបាយផ្សេងៗ ដោយសង្ឃឹមថានឹងទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វើឱ្យពួកគេមានលទ្ធភាពផ្ញើប្រាក់មកក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេស។
យោងតាមកាសែត Pasaxon ដែលជាកាសែតផ្លូវការរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ឱ្យដឹងថា ពលករដែលមកពីប្រទេសឡាវ ធ្វើចំណាកស្រុកទៅកាន់ប្រទេសចំនួន៣ច្រើនជាងគេគឺប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។
ក្នុងរយៈពេលមួយឆ្នាំមកនេះ នាយកដ្ឋានការងារក្រៅប្រទេសនៃក្រសួងការងារ និងសុខុមាលភាពសង្គមរបស់ឡាវ បានបញ្ជូនពលករចំនួន៩៦.៨០០នាក់ទៅកាន់ប្រទេសថៃ ប្រមាណ២.៦០០នាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូង និង៧២០នាក់ទៅកាន់ប្រទេសជប៉ុន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមការងារក្រៅប្រទេសបណ្តោះអាសន្នរបស់ពួកគេ៕ Laotian Times៕