ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដំណើរការសាងសង់អគារការិយាល័យកណ្តាលរបស់អគ្គនាយកដ្ឋានពន្ធដាររាជធានីភ្នំពេញ “Tax Tower” កម្ពស់៣៦ជាន់ តម្លៃ៦០លានដុល្លារអាមេរិកបាននិងកំពុងដំណើរការយ៉ាងសកម្ម។
អគារនេះ មានទីតាំងទុលមុខរង្វង់មូលកិន្នរ ក្នុងទីក្រុងរណប ជ្រោយចង្វារ ស្ថិតក្នុងទឹកដីខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាអគាររបស់រដ្ឋ និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-->
អគារ “Tax Tower” សាងសង់លើផ្ទៃក្រឡាសំណង់សរុប៩៧, ៧០០ម៉ែត្រក្រឡា នឹងចូលរួមចំណែកលើកកម្ពស់ សោភ័ណ្ឌភាព និងក្លាយជាទីតាំងនិមិត្តរូប ហើយក៏នឹងក្លាយជាទីតាំងបណ្តុំ នៃសេវាជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ ដោយមានចំណតប្រមាណជាង ១៣០០ចំណត សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។
អគារ “Tax Tower” សាងសង់ឡើងក្នុងកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានគូសប្លង់ស្ថាបត្យកម្ម ដោយក្រុមហ៊ុន Aedas ប្រទេសសិង្ហបុរី និងប្រឹក្សាបច្ចេកទេសគ្រប់គ្រងគម្រោង ដោយក្រុមហ៊ុន Oliver & Ho Association ហើយសាងសង់ឡើងដោយក្រុមហ៊ុន Shanghai Construction Group រយៈពេល២៤ខែ វិនិយោគក្នុងទំហំទឹកប្រាក់សាងសង់៦០លានដុល្លារអាមេរិក៕