Hattha top Banner

JCC និងJICAកំពុងផ្តោតលើការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ

0

        ដោយៈ ហ្វីអូណា

        សៀមរាបៈ ក្រុមមន្រ្តី និងអ្នកជំនាញអន្តរជាតិ បានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម JCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ក្រុងសៀមរាបជាមួយភាគីJICA។

កិច្ចប្រជុំនេះក៏មានការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ​MRរបស់គម្រោងអភិវឌ្ឍសមត្ថភាព ទីក្រុងឆ្លាតវៃ ខេត្តសៀមរាប។

កិច្ចប្រជុំនេះដឹកនាំដោយលោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ លោកអភិបាលខេត្តសៀមរាប​ ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការ សម្របសម្រួលរួម JCC​ ភាគី JICA​ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

អភិបាលរងខេត្តសៀមរាប លោកយុន លីនណេ បានមានប្រសាសន៍បែបនេះនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមJCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ក្រុងសៀម​រាប ជាមួយ ភាគីJICA និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំMR របស់គម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាបថា​ ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ  នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) គឺទាមទារនូវការកសាងសមត្ថភាព ដល់មន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជា រដ្ឋបាលក្រុងសៀមរាប  ពីព្រោះទីក្រុងឆ្លាតវៃ ឬ Smart City នេះ គឺជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសកលលោក។

លោកបន្តថា “ប៉ុន្តែបច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយនៃទីក្រុង-ឆ្លាតវៃកំពុងតែទទួលបាន នូវការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក ព្រមទាំងប្រទេសកម្ពុជាផងដែរ”។

អភិបាលរងខេត្តសៀមរាប បន្ថែមទៀតថា នៅក្នុងអាណត្តិ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏បានលើកឡើងអំពីបច្ចេកវិទ្យាឌីជីថល និងទីក្រុងឆ្លាតវៃនេះផងដែរ ដូច្នេះការកសាងធនធានមនុស្ស គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តនូវផែនទីបង្ហាញផ្លូវ សម្រាប់ កសាងទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ។

លោកបន្តថា ទន្ទឹមនឹងការកសាងសមត្ថភាពនេះ ក៏រៀបចំប្រព័ន្ធ និងរចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប គឺជាចំណុចដ៏សំខាន់ ក្នុងការចូលរួមអនុវត្តនូវផែនទី បង្ហាញផ្លូវរបស់យើងផងដែរ ថ្វីត្បិតតែយើងបានរៀបចំ នូវរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តផ្ទាល់ក្នុងការអនុវត្ត និងសម្របសម្រួលការងារនានារួចហើយ ប៉ុន្តែរចនាសម្ព័ន្ធ និងប្រព័ន្ធ ដើម្បីកសាងទំនាក់ទំនងរវាងរដ្ឋបាល ខេត្តជាមួយឯកជន ជាមួយបណ្តាសាកលវិទ្យាល័យនានា ក៏ដូចជាមួយប្រជាពលរដ្ឋ អំពីទីក្រុងឆ្លាតវៃ នៅមិនទាន់បានរៀបចំនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here