Hattha top Banner

កម្ពុជា ចិននឹងចុះហត្ថលេខាចំនួន៦ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយ

0

        ដោយៈ ​​​ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបង្ហើបឲ្យដឹងថា កម្ពុជា ចិននឹងចុះអនុស្សរណៈយោគយល់គ្នាចំនួន៦បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយ ដែលមានវិសាលភាពគ្របដណ្តប់ លើការជំរុញវិនិយោគក្នុងវិស័យឌីជីថល ឧស្សាហូបនីយកម្មប្រភេទថ្មី ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សា​ហកម្ម។

លោកជា វុទ្ឋី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានថ្លែងបែបនេះក្នុងជំនួបជាមួយលោកស្រីចុង ជី ជាទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាថ្មី។

លោកជា វុទ្ឋីបានសង្កត់ធ្ងន់លើការរួមគ្នា អនុវត្តអនុស្សរណៈយោគយល់គ្នា ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជ- កម្មចិន បានចុះហត្ថលេខាកន្លងមក ដើម្បីបង្កើតយន្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនិងសេដ្ឋកិច្ច។ ចំពោះមុខ ក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា និងមិត្តចិន តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ និងក្រសួងពាណិជ្ជកម្ម នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៦ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីរៀបចំថ្នាលផ្តល់កិច្ច សម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដល់វិនិយោគិន ជាពិសេសវិនិយោគិនចិន។

លោកបញ្ជាក់ថា  “អនុស្សរណៈយោគយល់គ្នាទាំង៦ ដែលត្រូវចុះហត្ថលេខានាពេលខាងមុខ គឺជាកាតាលីករដ៏ស័ក្តិសិទ្ធិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ឱ្យភ្លឺថ្លាដូចត្បូងពេជ្រ ស្របជាមួ​យនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មោះ​មុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា”។

លោកស្រីចុង ជី បានសម្តែងនូវការគាំទ្រចំពោះការប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយសន្យាថានឹងខិតខំណែនាំឱ្យវិនិយោគិនចិន ធ្វើការឱ្យបានស្អិតរមួត ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀតលើគ្រប់វិស័យ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកស្រីចុង ជី បានអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដែលនាំដល់ការបង្កើតរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីមានជំនឿយ៉ាងមុតមាំ ចំពោះការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលនឹងជួយឱ្យការអភិវឌ្ឍសេដ្ឋកិច្ច កាន់តែរីកចម្រើនទៅមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here