សូចនាករសម្រាប់សេដ្ឋកិច្ចជប៉ុនមួយចំនួនបង្ហាញសញ្ញាល្អប្រសើរឡើងខ្លាំងនៅក្នុងខែសីហា

0

ដោយ: គង់ លាងហួរ
តូក្យូៈ សកម្មភាពវិស័យសេវាកម្ម របស់ប្រទេសជប៉ុន បានពង្រីក ក្នុងល្បឿនដ៏លឿនបំផុតរបស់ខ្លួន ក្នុងរយៈពេល៣ខែ គិតត្រឹមខែសីហា ដោយសារការចំណាយរបស់អ្នកប្រើប្រាស់ដ៏រឹងមាំ ខណៈដែលវិស័យទេសចរណ៍ ក្នុងស្រុកទទួលបានសន្ទុះខ្លាំងឡើងវិញ។
ទោះជាយ៉ាងនេះក្តី លក្ខខណ្ឌអំណោយផលល្អ សម្រាប់វិស័យសេវាកម្មដែលមានភាពស្វាហាប់ គឺខុសផ្ទុយគ្នាស្រឡះជាមួយនឹងសកម្មភាពឧស្សាហកម្មផលិតកម្ម ដែលកំពុងដាំក្បាលចុះ និងការថយចុះអារម្មណ៍អាជីវកម្ម ស្របពេលតម្រូវការសកលជួបបញ្ហា។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញសេវាកម្មចុងក្រោយ (PMI) របស់ធនាគារក្នុងស្រុកau Jibun បានកើនឡើងដល់៥៣,៤ពិន្ទុ កាលពីខែសីហា បើធៀបនឹង៥៣,៨ពិន្ទុ ក្នុងខែកក្កដា ដោយស្ថិតលើកម្រិតគោល៥០ពិន្ទុ (50-benchmark) សម្រាប់រយៈពេល១២ខែជាប់ៗគ្នា។លោក Usamah Bhatti សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន S&P Global Market Intelligence បានលើកឡើងថា “ភាពប្រសើរឡើងកាន់តែខ្លាំងក្នុងការបញ្ជាទិញថ្មី ដែលទទួលបានដោយក្រុមហ៊ុនសេវាកម្មជប៉ុន បានជំរុញឱ្យមានការបង្កើនល្បឿន នៃសកម្មភាពអាជីវកម្ម”។
អ្នកឆ្លើយតបលើការស្ទង់មតិ បានកត់សម្គាល់ឃើញពីកំណើននៃការប្រើប្រាស់កាន់តែខ្លាំង ដោយសារចំនួនអតិថិជន មានកាន់តែcច្រើន និងតម្រូវការនៅពីក្រោយការកើនឡើង នៃលំហូរភ្ញៀវទេសចរ។ ជាក់ស្តែង ចំនួនភ្ញៀវទេសចរហូរចូល ទៅកាន់ប្រទេសជប៉ុនក្នុងខែកក្កដាបានកើនឡើង ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩។

ចំណែក វិស័យការងារក៏ទទួលបានភាពរឹងមាំឡើងវិញ កាលពីខែសីហាផងដែរ ដោយសារអ្នកផ្តល់សេវា មានទំនោរក្នុងការជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង និងស្របពេលមានការកើនឡើងនៃទំនុកចិត្ត។ ការរំពឹងទុកអាជីវកម្មនៅតែមានភាពរឹងមាំ ដែលជំរុញដោយក្តីសង្ឃឹម នៃការពង្រីកអាជីវកម្មរយៈពេលវែង បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩។

ប៉ុន្តែ បើក្រឡេកទៅមើលផ្នែកអវិជ្ជមានម្ខាងទៀត គេសង្កេតឃើញថា តម្លៃធាតុចូលនៅមានកម្រិតខ្ពស់នៅឡើយ និងបានកើនឡើងក្នុងល្បឿនលឿនបំផុត ចាប់តាំងពីខែកុម្ភៈ ដោយសារការកើនឡើងនៃតម្លៃវត្ថុធាតុដើម ប្រេងឥន្ធនៈ និងថ្លៃអគ្គិសនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here