ដោយៈគង់ ហ្វីអូណា
ភ្នំពេញៈ ការឈានជើងចូលផ្សារហ៊ុនដំបូងគេរបស់ក្រុមហ៊ុនJS Land Plc បានក្លាយជាការចាប់អារម្មណ៍មួយ ក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។
ដូចក្រុមហ៊ុនដទៃទៀតដែរ JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានរាយការណ៍ពីការធ្លាក់ចុះ នៃប្រតិបត្តិការអាជីវកម្មនៅក្នុងត្រីមាសទី២ ចំពេលមានការធ្លាក់ចុះសកម្មភាពសំណង់ និងអចលនទ្រព្យ ដែលនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។
ក្រុមហ៊ុន JS Land Plc បានក្លាយជាក្រុមហ៊ុនទី២ ដែលបានចុះបញ្ជីលើទីផ្សារកំណើន របស់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រមូលមូលនិធិបាន៤៨,៨៤៩ពាន់លានរៀល (១២ លានដុល្លារ)។យោងតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅ CSX កាលពីថ្ងៃទី៣១ ខែសីហា នៅត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុនJS LAND Plc បានរាយការណ៍ពីការខាតបង់ សរុបជាង២,១២៤ពាន់លានរៀល កើនឡើង ១៨៥,៤៦ ភាគរយ ធៀបនឹងត្រីមាសដូចគ្នា កាលពីឆ្នាំ២០២២។
គិតត្រឹមក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុន មានទ្រព្យសកម្មសរុបជាង៨២ពាន់លានរៀល កើនឡើង ១៩,៣៤ ភាគរយ និងមូលនិធិសរុបជាង៤,៧៦៧ ពាន់លានរៀល ធ្លាក់ចុះ៤១,៨៤ ភាគរយ។
លោក កូយ ឡេសាន ប្រធានប្រតិបត្តិក្រុមហ៊ុនJS Land Plc បានឱ្យដឹងនៅក្នុងឯកសាររបស់ខ្លួន កាលពីចុងខែសីហាថា របាយការណ៍ប្រចាំត្រីមាសទី២របស់ក្រុមហ៊ុនJS Land PLC ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ជាពេលវេលាដ៏ពិបាក ប៉ុន្តែជាត្រីមាសទី២ គួរឱ្យពេញចិត្តសម្រាប់ក្រុមហ៊ុន។
លោកបន្តថា “យើងមិនអាចសម្រេចបានផែនការនេះទេ ប្រសិនបើគ្មានការជឿទុកចិត្តរបស់អ្នក លើចក្ខុវិស័យរបស់យើង និងការវិនិយោគជាបន្ត នៅក្នុងកំណើនអាជីវកម្មរបស់យើង ដែលពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន”។
លោកបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កិច្ចប្រជុំម្ចាស់ភាគហ៊ុនទូទៅ ប្រចាំឆ្នាំលើកដំបូងរបស់ក្រុមហ៊ុន បានប្រកាសលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២២ និងផែនការសម្រាប់ឆ្នាំនេះ។ នៅក្នុងកិច្ចប្រជុំនោះ ក្រុមហ៊ុនបានលើកឡើង ពីបញ្ហាប្រឈមទាំងខាងក្នុង និងខាងក្រៅ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ ជាមួយនឹងផែនការអាជីវកម្មរយៈពេលវែង និងរយៈពេលខ្លីរបស់ខ្លួន។
លោកថ្លែងថា “យើងជឿជាក់យ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចម្រើនរបស់ក្រុមហ៊ុន”។ លោកបន្តថា “យើងពិតជារំភើបក្នុងការប្រកាសថា គម្រោងGarden Residency 2 ត្រូវបានបញ្ចប់ ហើយយើងសម្រេចបាននូវចំណុចសំខាន់នេះមុនកាលកំណត់”។
លោកបញ្ជាក់ថា អចលនទ្រព្យនេះ នឹងរួចរាល់សម្រាប់ការប្រគល់ជូនអ្នកទិញក្នុងត្រីមាសទី៣ ឆ្នាំ២០២៣។ យើងប្តេជ្ញារក្សានូវសម្ទុះនៃកំណើន និងខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវលទ្ធផលកាន់តែប្រសើរថែមទៀត នៅក្នុងត្រីមាសទី៣។
ប្រភពចំណូលចម្បងរបស់ក្រុមហ៊ុន គឺបានមកពីការលក់គម្រោងខុនដូដែលបានអភិវឌ្ឍន៍រួច។ ប្រាក់ចំណូលទាំងអស់ត្រូវបានទទួលស្គាល់ក្នុងពេលមួយ នៅពេលផ្ទេរកម្មសិទ្ធិ នៃអគារលំនៅឋានទៅឱ្យអតិថិជន។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។
ឯកសារនេះបន្តថា ទីផ្សារខុនដូក្នុងប្រទេសកម្ពុជា មានការប្រឈមខ្លាំង ដោយសារការផ្គត់ផ្គង់ខុនដូចំនួនច្រើន ក្នុងរាជធានីភ្នំពេញ។ ដើម្បីកាត់បន្ថយហានិភ័យ នៃការកាន់កាប់អចលនទ្រព្យដែលមិនបានលក់ ក្រុមហ៊ុន JS LAND តែងតែផ្សព្វផ្សាយផលិតផលយ៉ាងសកម្ម ដោយបង្ហាញកញ្ចប់ដ៏គួរឱ្យទាក់ទាញថ្មីៗ ជាមួយនឹងគម្រោងទូទាត់ដែលមានតម្លៃសមរម្យ ដើម្បីសម្រេចបាននូវគោលដៅលក់។
យោងតាមឯកសារនេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន JS LAND បានរាយការណ៍ថា មិនមានការលក់អចលនទ្រព្យនោះទេ ដោយសារប្រាក់ចំណូលទាំងអស់ នឹងត្រូវទទួលស្គាល់នៅពេលណាមួយ នៅពេលផ្ទេរកម្មសិទ្ធិនៃយូនីតលំនៅឋាន ទៅឱ្យអតិថិជន។
ទោះជាយ៉ាងណាក៏ដោយ គម្រោង The Garden Residency 2 សម្រេចបានការលក់សរុបជាង៧៧ភាគរយរួចហើយ នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូល ផ្សេងទៀតជាង៤៣,៨ លានរៀល។
ក្រុមហ៊ុនក៏បានចង្អុលបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គម្រោងThe Garden Residency 2 បានសម្រេចការងារសរុបចំនួន៧៨,១៥ ភាគរយហើយ៕