ប្រទេសចិនកំពុងខិតខំធានាការផ្គត់ផ្គង់ផ្ទះតម្លៃថោកសមរម្យ រយៈពេលវែងសម្រាប់ប្រជាជន

0

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng បានអំពាវនាវដាក់លំនៅដ្ឋាន តម្លៃសមរម្យរបស់ប្រទេសចិន ឱ្យស្ថិតក្រោម “ការគ្រប់គ្រងបិទយ៉ាងតឹងរឹង” និងហាមមិនឱ្យលំនៅដ្ឋានទាំងនេះ ចុះបញ្ជីសម្រាប់ការជួញដូរ។

សេចក្តីអំពាវនាវនេះបានធ្វើឡើង ក្នុងគោលដៅដើម្បីជួយជំរុញដល់ការផ្គត់ផ្គង់រយៈពេលវែងសម្រាប់ផ្ទះតម្លៃទាប។

ទីក្រុងប៉េកាំងបាននិងកំពុងចាត់វិធានការ ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈតម្លៃលំនៅដ្ឋានដ៏ខ្ពស់ នៅតាមបណ្តាទីក្រុងធំៗ បានបង្កជាឧបសគ្គសម្រាប់អ្នកទិញវ័យក្មេងជាច្រើន។

មន្ត្រីម្នាក់នៅក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ប្រទេសចិន ធ្លាប់បានលើកឡើងកាលពីឆ្នាំមុនកន្លងទៅថា ប្រទេសចិននឹងផ្គត់ផ្គង់ផ្ទះជួលថ្មី ដែលមានតម្លៃទាបចំនួន៦,៥លានយូនីតបន្ថែម នៅតាមបណ្តាទីក្រុងធំៗចំនួន៤០ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៥។

ប៉ុន្តែស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ដោយសារសេដ្ឋកិច្ចចិនដាំក្បាលចុះ និងប៉ះពាល់ដល់ការរំពឹងទុកផ្នែកការងារ និងប្រាក់ចំណូល ដែលនាំឱ្យប៉ះពាល់ ដល់សមត្ថភាពរបស់មនុស្សសាមញ្ញ ក្នុងការផ្តល់មូលនិធិទិញផ្ទះ។

លោកឧបនាយករដ្ឋមន្ត្រី He Lifeng បានថ្លែងក្នុងសន្និសីទមួយនៅទីក្រុងប៉េកាំងថា ការរៀបចំផែនការ និងការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃថោកសមរម្យ នឹងជួយសម្រាលការលំបាក ផ្នែកលំនៅដ្ឋាននៅតាមទីក្រុងធំៗ ព្រមទាំងអាចជំរុញការវិនិយោគ និងការប្រើប្រាស់ផងដែរ។

ដោយសារការសាងសង់លំនៅដ្ឋាន តម្លៃសមរម្យជាគម្រោងមួយ ដែលមានលក្ខណៈជាប្រព័ន្ធ ពិបាក និងស្មុគស្មាញ លោក He បានជំរុញឱ្យមានការចាត់ចែង និងការគ្រប់គ្រងការចំណាយដ៏តឹងរ៉ឹង ដើម្បីរក្សាបាននូវល្បឿន នៃការសាងសង់ដ៏សមហេតុផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here