អារ៉ាប៊ីសាអូឌីត នឹងក្លាយជាមជ្ឈមណ្ឌលសាងសង់ដ៏ធំបំផុតមួយក្នុងពិភពលោកដោយសារទំហំវិនិយោគច្រើនមហាសាល

0

តែម សុខុម

រីយ៉ាដ: យោងតាមក្រុមហ៊ុនអង់គ្លេស Knight Frank ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេក្នុងពិភពលោកឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងក្លាយជាមជ្ឈមណ្ឌលសាងសង់ដ៏ធំបំផុតមួយក្នុងពិភពលោក។

នោះគឺដោយសារតែគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអចលនទ្រព្យនានាដែលមានទំហំសរុបរហូតដល់ទៅជាង១,២៥ទ្រីលានដុល្លារអាមេរិក កំពុងស្ថិតក្នុងដំណើរការធ្វើផែនការ ឬ អភិវឌ្ឍន៍។

របាយការណ៍ប្រចាំឆ្នាំដែលមានឈ្មោះថា Saudi Giga Projects (គម្រោងពាន់លានដុល្លារ នៅអារ៉ាប៊ីសាអូឌីត) របស់ក្រុមហ៊ុននេះបានធ្វើការកត់សម្គាល់ថា តម្លៃសរុបនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានចាត់តាំង និងការអភិវឌ្ឍន៍អចលនទ្រព្យបានឈានដល់២៥០ពាន់លានដុល្លារ រួចទៅហើយ ខណៈគម្រោងធំៗជាច្រើនផ្សេងទៀតមិនទាន់ទទួលបានការអនុម័តពេញលេញ ឬ ផ្តល់កាលបរិច្ឆេទចាប់ផ្តើមការសាងសង់នៅឡើយ។

លោក Faisal Durrani ដែលជានាយក និងជាប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងនៃក្រុមហ៊ុន Knight Frank បានលើកឡើងថា ខណៈឱសានវាទចក្ខុវិស័យឆ្នាំ២០៣០ (Vision 2030) កាន់តែខិតជិតមកដល់ ការអភិវឌ្ឍអចលនទ្រព្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានចាត់ទុកថាធំបំផុតទូទាំងពិភពលោក កំពុងមានសន្ទុះកើនឡើង។

លោកបានបន្ថែមទៀតថា ចំនួនលំនៅឋានដែលបានគ្រោងទុកបានកើនឡើង៣០%ឈានដល់៦៦០.០០យូនីតកាលពីឆ្នាំមុន ដែលទំនងជាស្ថានការណ៍វិវឌ្ឍន៍វិជ្ជមានសម្រាប់អ្នកស្វែងរកទិញផ្ទះដែលត្រូវបានបន្ទុចបង្អាក់ដោយសារអចលនទ្រព្យហក់ឡើងថ្លៃកាលពីពេលថ្មីៗនេះ។

ដោយក្រឡេកមើលឱ្យកាន់តែកៀកទៅលើតំបន់ផ្សេងៗដែលកំពុងពន្លឿនសកម្មភាពសាងសង់ ការវិភាគរបស់ក្រុមហ៊ុន Knight Frank បានគូសបញ្ជាក់ថា តំបន់ភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត បន្តដើរតួយ៉ាងសំខាន់នៅក្នុងផែនការផ្លាស់ប្តូរដ៏មានមហិច្ឆតារបស់ប្រទេសនេះ ជាមួយនឹងគម្រោងអចលនទ្រព្យមានតម្លៃ៦៨៧ពាន់លានដុល្លារ ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ទសវត្សរ៍នេះ។

របាយការណ៍នេះក៏បានគូសបញ្ជាក់ពីគម្រោងនានាដូចជាគម្រោងទីក្រុងឆ្លាតវៃខ្នាតយក្ស NEOM តម្លៃ៥០០ពាន់លានដុល្លារ គម្រោង Turogina ដែលជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ Asian Games ឆ្នាំ២០៣០ និងគម្រោងលើកោះ Senda Island ដែលជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយផងដែរ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here