តែម សុខុម
បាងកក: គោលនយោបាយចែកលុយឌីជីថលក្នុងម្នាក់ៗ១០.០០០បាត (២៨០ដុល្លារអាមេរិក) របស់បក្សភឿថៃ នឹងចាក់បញ្ចូលប្រាក់បន្ថែមយ៉ាងតិចជាង៥៦ពាន់លានដុល្លារអាមេរិក ចូលទៅក្នុងសេដ្ឋកិច្ច ហើយវានឹងរួមចំណែកជំរុញកំណើនផលទុនជាតិសរុប (GDP) យ៉ាងតិច៥%ក្នុងឆ្នាំ២០២៤។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat ថ្លែងថា ការចែកលុយក្រោមរូបភាពដាក់ពង្រាយកាបូបលុយឌីជីថល (Digital Wallet) យ៉ាងច្រើននេះនឹងជួយជំរុញសន្ទុះសេដ្ឋកិច្ច ក្រោយពីមានវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗដូចជាការបង្កើតប្រាក់ចំណូលតាមរយៈការដំឡើងថ្លៃកសិផលជាដើម។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា។
លោកបានបន្តថា “គោលនយោបាយនេះមានគោលបំណងជំរុញកំណើន GDP យ៉ាងតិច៥%ដែលយើងរំពឹងថានឹងសម្រេចបានក្នុងឆ្នាំ២០២៤”។
លោកបានបន្ថែមទៀតថា ការចែកលុយទាំងនេះនឹងធ្វើឱ្យលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើចរាចរលើទីផ្សារដែលស្មើយ៉ាងតិច៥៦ពាន់លានដុល្លារអាមេរិក។ អាករលើតម្លៃបន្ថែម (VAT) ប្រមាណ៨៤២លានដុល្លារអាមេរិក ត្រូវបានរំពឹងថានឹងប្រមូលបានពីការទិញទំនិញ និងសេវាកម្ម។
គម្រោងនេះមិនតម្រូវឱ្យមានការចុះឈ្មោះណាមួយនោះឡើយ ដោយអ្នកប្រើប្រាស់គ្រាន់តែត្រូវការទាញយកកម្មវិធីកាបូលុយឌីជីថល (Digtal Wallet App) ថ្នាក់ជាតិថ្មីដើម្បីទទួលបានចំណែកលុយរបស់ពួកគេជាការស្រេច។គម្រោងនេះនឹងត្រូវបានជំរុញដោយបច្ចេកវិទ្យា Blockchain ដែលមានសុវត្ថិភាពខ្ពស់ ដូច្នេះវានឹងស្ថិតក្រោមការតាមដានបានទាំងស្រុង។ លោក Julapun Amornvivat បានបន្តថា លក្ខខណ្ឌដើម្បីមានសិទ្ធិទទួលបានលុយ១០.០០០បាតនេះអាចកំណត់តាមអាយុ និងកម្រិតនៃការចំណាយជាក់ស្ដែងរបស់ពលរដ្ឋ។
គោលនយោបាយនេះត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤៕ Bangkok Post៕