ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជួយសម្រួលដល់ពេលវេលាដឹកជញ្ជូន ការធ្វើដំណើរ និងសន្សំថវិកា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ការតភ្ជាប់រាជធានីភ្នំពេញ ជាមួយកំពង់ផែទឹកជ្រៅអន្តរជាតិក្នុងខេត្តព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដំបូង មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសន្សំសំចៃពេលវេលា និងថវិកាសម្រាប់អ្នកធ្វើដំណើរផងដែរ។

វិនិយោគដោយសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) ជាមួយនឹងទឹកប្រាក់ចំនួន២ពាន់លានដុល្លារអាមេរិក ផ្លូវល្បឿនលឿនប្រវែង១៨៧គីឡូម៉ែត្រនេះត្រូវបានបើកឱ្យប្រើប្រាស់ជាសាធារណៈកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីចំណាយពេលសាងសង់អស់ជាង៣ឆ្នាំ។

អ្នកនាង សារ៉េត ស្រីពេជ្រ វ័យ២៩ឆ្នាំ ជាអ្នកគ្រប់គ្រងនៅស្ថានីយ៍គិតលុយរបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានលើកឡើងថា ផ្លូវល្បឿនលឿននេះអាចឱ្យមនុស្សម្នាធ្វើដំណើរបានលឿន និងងាយស្រួល។

អ្នកនាងបានប្រាប់សារពត៌មាន Xinhua ថា “ពីមុនយើងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដែលត្រូវចំណាយពេល រហូតដល់ទៅ៥ម៉ោងប៉ុន្តែ ឥឡូវនេះ ដោយសារធ្វើដំណើរតាមផ្លូវល្បឿនលឿន យើងត្រូវចំណាយពេលតែ២ម៉ោងប៉ុណ្ណោះ”។

អ្នកនាងបានបន្តថា “អ្នកបើកបរទាំងអស់តែងតែនិយាយថា ដោយសារមានផ្លូវល្បឿនលឿន Expressway ការធ្វើដំណើររបស់ពួកគេមានភាពងាយស្រួល ព្រមទាំងអាចសន្សំប្រាក់ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ”។

អ្នកនាងបានបញ្ជាក់ថា ការធ្វើដំណើរតាមរថយន្តតូចៗដូចជារថយន្តលក្ខណៈគ្រួសារពីភ្នំពេញ ទៅ កាន់ខេត្ត ព្រះសីហនុលើផ្លូវល្បឿនលឿន ឥឡូវ នេះមាន តម្លៃត្រឹមតែ១១,៩៧ដុល្លារ ប៉ុណ្ណោះ។

អ្នកគ្រប់គ្រងរូបនេះបន្ថែមថា “សម្រាប់រថយន្តកុងតឺន័រ ពីមុនរត់ពីភ្នំពេញទៅខេត្តព្រះសីហនុ និងត្រឡប់មកវិញ ត្រូវប្រើពេលយូរណាស់ ពោលគឺប្រើពេលមួយ ឬពីរថ្ងៃ ប៉ុន្តែដោយសារមានផ្លូវល្បឿនលឿន ទើបពួកគេអាចធ្វើដំណើរបានពីរទៅបីដងក្នុងមួយថ្ងៃ។ ដូច្នេះវាកាត់បន្ថយពេលវេលា និងអនុញ្ញាតឱ្យពួកគេដឹកជញ្ជូនទំនិញបាន លឿននិងងាយស្រួល”។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ផ្លូវល្បឿនលឿន គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់សារពត៌មាន Xinhua កាលពីថ្ងៃអង្គារថា “ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជួយសម្រួលការកកស្ទះចរាចរណ៍ សន្សំសំចៃពេលវេលាធ្វើដំណើរ និងកាត់បន្ថយថ្លៃដឹកជញ្ជូន”។

លោកបានបន្ថែមថា “ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសកម្ពុជា ដោយសារវាតភ្ជាប់រាជធានីភ្នំពេញទៅនឹងកំពង់ផែសមុទ្រខេត្តព្រះសីហនុដ៏ធំរបស់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here