ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាគហ៊ុនរបស់ក្រុមហ៊ុនលំដាប់់យក្សអាមេរិក Apple បានធ្លាក់ថ្លៃយ៉ាងគំហុក បន្ទាប់ពីមានរបាយការណ៍មួយចេញផ្សាយថា ប្រទេសចិនគ្រោងហាមមិនឱ្យមន្ត្រីរដ្ឋាបាលរបស់ខ្លួនប្រើប្រាស់ទូរសព្ទ Iphone ដើម្បីបំពេញការងារ។
បន្ទាប់ពីចេញផ្សាយដំណឹងនេះរួចមក គេសង្កេតឃើញថា ត្រឹម តែរយៈពេល២ថ្ងៃប៉ុណ្ណោះ វាបាន បណ្តាល ឱ្យ ភាគ ហ៊ុន របស់ ក្រុមហ៊ុន Apple ធ្លាក់ថ្លៃ២,៩% ឬគិតជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៧ ខែកញ្ញា។
ទាក់ទិននឹងរឿងនេះដែរ អ្នកវិនិយោគកំពុងសម្តែងការព្រួយបារម្មណ៍ចំពោះសមត្ថភាពរបស់ក្រុមហ៊ុន Apple ក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាបពីសហរដ្ឋអាមេរិក។ ប្រទេសចិនគឺជាទីផ្សារបរទេសដ៏ធំបំផុតសម្រាប់លក់ផលិតផលរបស់ក្រុមហ៊ុន Apple ហើយប្រាក់ចំណូលពីការលក់នៅប្រទេសចិនតំណាងឱ្យប្រហែលមួយភាគប្រាំនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះកាលពីឆ្នាំមុន។






