ជនបរទេសសម្រុកទៅទិញផ្ទះ ដែលគេបោះបង់ទុកចោលយូរ នៅប្រទេសជប៉ុនដើម្បីវិនិយោគ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកនាង Coline Aguirre ដែលជាជនជាតិបារាំង បានលង់ស្រលាញ់ប្រទេសជប៉ុន និងវប្បធម៌របស់ប្រទេសនេះ បន្ទាប់ពីគាត់បានចំណាយរយៈពេលមួយឆ្នាំ រស់នៅទីនោះក្នុងនាមជានិស្សិតផ្លាស់ប្តូរការសិក្សាកាលពី៨ឆ្នាំមុន។

អ្នកនាងបានទិញផ្ទះក្នុងក្តីស្រមៃ នៅប្រទេសជប៉ុន នៅពេលដែលឱកាសទិញផ្ទះទំហំ៣០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំកណ្តាលខេត្តNara ក្នុងតម្លៃត្រឹមតែ៤,៩លានយ៉េន (៣៣.០០០ដុល្លារ) បានមកដល់។

ដោយសារមានប្រាក់សន្សំគ្រប់គ្រាន់ នៅក្នុងគណនីធនាគារ អ្នកនាងAguirre បានទិញផ្ទះ ដែលគេទុកចោលអស់ជាច្រើនឆ្នាំ កាលពីឆ្នាំ២០២១។ ផ្ទះនោះ មានអាយុកាលប្រហែល១សតវត្សរ៍ ព្រមទាំងមានសួនច្បារចំនួនពីរ ប៉ុន្តែវាទាមទារការជួសជុលនិងរៀបចំឡើងវិញ។

អ្នកនាងបាន​មានប្រសាសន៍ថា “នៅ​ប្រទេស​បារាំង ប្រសិន​បើ​ខ្ញុំ​ចង់​បាន​យានដ្ឋាន​តូច​មួយ ខ្ញុំ​នឹង​ត្រូវ​ចំណាយ​ប្រាក់ចំនួន€១០០.០០០ (ប្រហែល១០៨.០០០ដុល្លារអាមេរិក)”។ អ្នកនាងបញ្ជា​ក់​​ទៀតថា “ខ្ញុំ​នឹង​ជួសជុល​របស់របរជា​ច្រើន នៅក្នុងផ្ទះចាស់នោះ ប៉ុន្តែ​ថ្លៃចំណាយនៅ​តែ​ទាប ​ជាងតម្លៃផ្ទះ​នៅ​ប្រទេសបារាំង”។

ដោយសារការធ្វើដំណើរមកកាន់ផ្ទះនោះ ចំណាយពេលត្រឹមតែមួយម៉ោងកន្លះពីទីក្រុងក្យូតូ និងចំណាយពេល២ម៉ោងពីអាកាសយានដ្ឋានអន្តរជាតិ ដូច្នេះអ្នកនាងសង្ឃឹមថា នៅពេលដែលការជួសជុលត្រូវបានបញ្ចប់រួចរាល់ គាត់នឹងផ្តល់នូវបន្ទប់គេងពីរ ឬបីសម្រាប់ទទួលភ្ញៀវ និងដើម្បីរកប្រាក់ចំណូលផងដែរ។

អ្នកនាង Aguirre បានបន្ថែមថា “ប្រហែលជារយៈពេល១០ឆ្នាំខាងមុខ ខ្ញុំចង់ប្រែក្លាយផ្ទះនេះ ទៅជាសណ្ឋាគារមួយ ហើយខ្ញុំនឹងមិនចាំបាច់រស់នៅក្នុងផ្ទះនេះទៀតទេ ហើយអ្នកផ្សេងទៀតអាចគ្រប់គ្រងផ្ទះនេះបាន ហើយវានឹងគ្រាន់តែជាអចលនទ្រព្យ បែបវិនិយោគប៉ុណ្ណោះ”។

លើសពីនេះទៀត ប្រជាពលរដ្ឋហុងកុងជាច្រើន ក៏មានការចាប់អារម្មណ៍ ក្នុងការទិញផ្ទះដែលគេបោះបង់ចោល នៅប្រទេសជប៉ុនទាំងនេះផងដែរ។

លោក Kazuaki Nebu ប្រធានផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុន IQI Japan បានលើកឡើងថា “ហេតុផលមួយ ក្នុងចំណោមហេតុផលទូទៅច្រើនបំផុត ដែលពលរដ្ឋហុងកុងចង់ទិញផ្ទះ ដែលគេបោះបង់ចោលនៅប្រទេសជប៉ុន គឺដើម្បីប្រែក្លាយផ្ទះទាំងនោះទៅជាផ្ទះសម្រាកបែបវិស្សមកាល សម្រាប់ក្រុម​ហ៊ុនកក់​កន្លែង​ស្នាក់នៅ​តាមអនឡាញ Airbnbs។

លោកបន្ថែមថា “ពួកគេអាចរស់នៅក្នុងតំបន់មួយ ដ៏ស្រស់ស្អាតនៃប្រទេសជប៉ុន នៅក្នុងផ្ទះបែបប្រពៃណី និងទទួលបានប្រាក់ចំណូ​លពីភ្ញៀវថែមទៀត ហើយវា​ជា​ការ​សម្រេច​ក្តី​សុបិន​ សម្រាប់​មនុស្ស​ជា​ច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here