ការនាំចេញទំនិញរបស់កម្ពុជាទៅក្រៅប្រទេសកើនឡើងដល់ទំហំទឹកប្រាក់១៥,៧ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៨ខែ

0

តែម សុខុម

ភ្នំពេញ: កម្ពុជា បាននាំចេញផលិតផល ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់១៥,៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣ ដោយកើនឡើង០,៣% បើធៀបនឹង១៥,៦៤ពាន់លានដុល្លារអាមេរិក ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញផ្សាយនៅថ្ងៃសុក្រ ទី៨ ខែកញ្ញា នេះថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានកើនឡើង១៦,៨% ឈានដល់៩៤០លានដុល្លារអាមេរិក អំឡុងពីខែមករា ដល់ខែសីហា ឆ្នាំនេះ បើធៀបនឹង៨០៤,៦លានដុល្លារអាមេរិក ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបង្ហាញថា ប្រទេសចិន គឺជាគោលដៅនាំចេញធំបំផុតទី៣សម្រាប់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសវៀតណាម។

ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងកសិផលមួយចំនួនដូចជាអង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងមៀនជាដើម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រ​សា​សន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានរួមចំណែកយ៉ាងខ្លាំងក្លា នៅក្នុងការជួយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here