ដោយ: គង់ លាងហួរ
ភ្នំពេញ: ជាអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍អចលនវត្ថិ លោកបណ្ឌិតតាន់ មុនីវណ្ណបានថ្លែងថា ទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការ ប៉ុន្តែលោកបានស្នើរដ្ឋាភិបាល បង្កើតផែនទីចង្អុលបង្ហាញផ្លូវ ដើម្បីជម្រុញការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព។
លោកបណ្ឌិតតាន់ មុនីវណ្ណ បានចែករំលែកនូវទស្សនៈជាច្រើនចំណុចដើម្បីចូលរួមជាធាតុចូល សម្រាប់ជួយដល់ការស្តារឡើងវិញ នូវវិស័យអចលនទ្រព្យរបស់កម្ពុជា នៅក្នុងវេទិកាមួយដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជាកាលពីពេលថ្មីៗនេះ។
-->
ក្នុងចំណោមចំណុចទាំងនោះ គេសង្កេតឃើញមានចំណុចដ៏សំខាន់បំផុតមួយ គឺលោក តាន់ មុនីវណ្ណ បានស្នើដល់រាជរដ្ឋាភិបាលបង្កើតឱ្យមានផែនទីចង្អុលផ្លូវ (Road Map) ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យដូចទៅនឹងវិស័យផ្សេងៗទៀត ដូចជាវិស័យកាត់ដេរ សម្លៀកបំពាក់ វិស័យយានយន្ត និងអេឡិចត្រូនិកជាដើម។
លោកបានបញ្ជាក់ថា “នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ក្រុមអ្នកសាងសង់ពុំទាន់មានតួលេខពិត នៃទីផ្សារនៅឡើយនោះទេ”។ លោកបានបន្ត “យើងកំពុងប្រកួតប្រជែង នៅក្នុងទីផ្សារដោយគ្មានតម្លាភាព ដែលនាំឱ្យមានការសាងសង់លើសតម្រូវការ”។លោកបញ្ជាក់ទៀតថា សំណង់មួយចំនួននៅកម្ពុជា មិនសមស្របនឹងតម្រូវការទីផ្សារ គឺផ្តោតលើតម្លៃខ្ពស់ និងគ្មានចំណតសម្រាប់យានយន្តជាដើម។
លោកបណ្ឌិតតាន់ មុនីវណ្ណបានបន្ថែមថា ការកែប្រែដីកសិកម្មទៅជាដីអភិវឌ្ឍលំនៅដ្ឋាន មានសភាពលឿនជ្រុល បញ្ហាលើបច្ចេកទេសរចនាបទសំណង់ និងបញ្ហាទីផ្សារ ក៏ជាកត្តាធំៗដែលនាំឱ្យការផ្គត់ផ្គង់លំនៅដ្ឋានកើនឡើង ហួសតម្រូវការផងដែរ។ ប៉ុន្តែបញ្ហានេះមិនមែនកើតឡើងតែនៅកម្ពុជានោះទេ ពោលគឺវារងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល។
លោក តាន់ មុនីវណ្ណ បានលើកឡើងថា “ខ្ញុំក៏ជាអ្នកវាយតម្លៃទៅលើអចលនទ្រព្យមួយរូបផងដែរ។ ដូច្នេះ ខ្ញុំសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ មានរឿងពីរបីដែលបានកើតឡើង យើងដឹងទី១នោះគឺ ការផ្គត់ផ្គង់នៅលើទីផ្សារលើស ទី២ សំណង់មួយចំនួនធំ មិនត្រូវគ្នានឹងតម្រូវការទីផ្សារទេ ដែលមានន័យថា សមត្ថភាពអ្នកសាងសង់មិនបានសិក្សាអំពីទីផ្សារ ហេតុដូច្នេះទើបយើញមើលឃើញថា អគារខ្ពស់ៗ មួយចំនួនសាងសង់ខុសតម្រូវការទីផ្សារ ជាពិសេសបញ្ហាតម្លៃ និងចំណតយានយន្ត”។
ទោះជាយ៉ាងនេះក្តី លោកជឿជាក់ថា តម្រូវការទីផ្សារគឺនៅតែមាន ប៉ុន្តែការផលិតស្តង់ដារ មិនទាន់ត្រូវតាមតម្រូវការទីផ្សារ និងមិនបានបត់បែនឱ្យទាន់សភាពការណ៍ប្រែប្រួល។
រយៈពេលឆ្នាំ៣មកហើយ ដែលវិស័យអចលទ្រព្យនៅកម្ពុជា បានទទួលរងផលប៉ះពាល់ គិតចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ ដែលបញ្ហានេះ បានជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ដោយធ្វើឱ្យកម្លាំងទិញថយចុះ ហើយគិតរហូតមកទល់ពាក់កណ្តាល ឆ្នាំ២០២៣នេះ សន្ទុះនៃការទិញអចលទ្រព្យគ្រប់ប្រភេទ ហាក់មិនទាន់មានការហក់ឡើងវិញខ្ពស់នៅឡើយនោះទេ ទោះបីជាសេដ្ឋកិច្ចកម្ពុជាកំពុងចាប់ផ្តើមងើបឡើងវិញ ជាបណ្តើរៗយ៉ាងណាក្តី។
ទាក់ទិនទៅនឹងវិស័យសំណង់នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់សំណង់ចំនួន១៤៦៣គម្រោង ដែលមានផ្ទៃក្រឡាជាង៥លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគជាង២.២៧០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូង ដើមឆ្នាំ២០២៣នេះ ហក់ឡើង១៣៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២កន្លងទៅ៕