តើវិស័យអចលនទ្រព្យអាចបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាដែរឬទេ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ភាពជាប់គាំងនៅផ្នែកជាច្រើន ក្នុងវិស័យអចលនវត្ថុបាននិងកំពុងបង្កការព្រួយបារម្ភ ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាក់ស្តែងអត្រាសងត្រលប់ នៃឥណទានបានកើនឡើងក្នុងកម្រិតខ្ពស់។

យោងតាមទិន្នន័យកម្ចីលើវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញថា ផ្នែកទាំងពីរនេះរួមបញ្ចូលគ្នាស្មើនឹង២០ភាគរយ នៃប្រាក់ចម្ចីទាំងមូល។ ដូច្នេះ៨០ភាគរយនៃប្រាក់កម្ចី ត្រូវបានប្រើប្រាស់ទៅលើវិស័យផ្សេងៗទៀត ដូចជាTrading, Manufacturing និងកសិកម្មជាដើម។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។

បើមើលទៅលើប្រាក់កម្ចីលើវិស័យអចលនទ្រព្យ និងសំណង់ នៅមានកម្រិត ដែលចំនួននេះ អាចគ្រប់គ្រងបាន។ ដូចនេះ ការជាប់គាំងនៃវិស័យអចលនទ្រព្យ មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី គឹម គីនកេសា នាយិកាប្រតិបត្តិរង ក្រុមហ៊ុនCBRE Cambodia។លោកស្រីបានលើកឡើងថា “វិស័យធនាគារ ត្រូវបានគ្រប់គ្រងដោយហ្មត់ចត់ ដូច្នេះហានិភ័យនៃវិស័យនេះ ស្ថិតនៅ​ក្នុងកម្រិតមួយអាចគ្រប់គ្រងបាន”។ លោកស្រីបន្តថា “ផ្ទុយទៅវិញ ផ្នែកដែលគួរឱ្យបារម្ភជាងវិស័យធនាគារទៅទៀតនោះ គឺប្រភេទប្រាក់កម្ចី ឬការបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់”។

លោកស្រីកឹម គិនកេសាបានគូសបញ្ជាក់ថា ការបង់រំលស់ជាមួយម្ចាស់គម្រោង មានលក្ខ​ខ័ណ្ឌនៃការរឹបអូសទ្រព្យអតិថិជន ខុសពីប្រើកម្ចីធនាគារ។​ ​មានន័យថា នៅក្នុងវិស័យធនាគារ ប្រសិ​នបើអតិថជន មិនមាន​លទ្ធភាពបង់បន្តទៀត ត្រូវឆ្លងកាត់តុលាការ ការលក់ដេញថ្លៃ ហើយបើសិនទ្រព្យនេះ មានទំហំលើសពីបំណុល ក្រោយពីលក់ដេញថ្លៃហើយ ម្ចាស់ទ្រព្យអាចទទួលបានផលពីសំណ​ងដែលនៅសល់ខ្លះផងដែរ។

យ៉ាងណាក៏ដោយ លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយ​កធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗ​នេះថា ស្ថានភាព នៃការសងត្រលប់របស់អតិថិជន មានភាពយឺតយ៉ាវនៅគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ ហើយស្ថានភាពនេះ ត្រួវបានគេមើលឃើញថា វាស្ថិតក្នុងហានិភ័យនៃការបាត់បង់ឥណទានខ្ពស់។លោកបន្តថា “ឆ្លើយតបបញ្ហានេះ ធនាគារហត្ថាបានដាក់ចេញនូវយុទ្ឋសាស្រ្តមួយចំនួន ដើម្បីជម្រុញឲ្យអតិថិជនបង់ប្រាក់ត្រលប់ឲ្យបានលឿន និងទាន់ពេលវេលា”។ លោកបន្តថា “ក្នុងស្ថានភាពនេះ ធនាគារកាន់តែបង្កើនការប្រុងប្រយ័ត្ន ដោយមិនបញ្ចេញឥណទានដល់អ្នកអភិវឌ្ឍន៍អចលនវត្ថុនោះទេ”។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានអគ្គនាយកក្រុមហ៊ុន Chip Mong Group បានវាយតម្លៃថា ដើមឆ្នាំ ២០២៤ខាងមុខ ស្ថានភាពវិស័យ​អចលនទ្រព្យ នៅតែមិនទាន់ល្អប្រសើរនោះទេ ប៉ុន្តែវិស័យនេះ នឹងចាប់ផ្តើមល្អឡើងវិញនៅអំឡុងខែ តុលា ឆ្នាំដដែលនេះ។ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី ដែលយល់ច្បាស់អំពីស្ថានភាពនេះ អាចនឹងមានយុទ្ធសាស្រ្ត​គន្លឹះធ្វើឱ្យវិស័យអចលនទ្រព្យ​កម្រើកឡើងវិញ ដូចកាលឆ្នាំ ២០១៨កន្លងទៅ ដែលកាលនោះ កម្ពុជាមានសេដ្ឋកិច្ចខ្លាំង។ ការលើកឡើង​របស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) កាលពីខែ សីហា កន្លងនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here