ដោយ: គង់ លាងហួរ
ញូវដែលីៈ ក្រុមមេដឹកនាំធំៗនៅលើពិភពលោក បានប្រកាសអំពីកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែពហុជាតិ ដើម្បីតភ្ជាប់តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីខាងត្បូងកាលពីថ្ងៃសៅរ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលG20 ដែលរៀបចំឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
កតិកាសញ្ញានេះប្រកាសឡើងចំពេលដ៏សំខាន់មួយ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងខិតខំទប់ទល់នឹងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដោយកិច្ចព្រមព្រៀងនេះអាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក្លាយជាដៃគូជំនួស និងក្លាយជាអ្នកវិនិយោគសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
-->
លោក ចូ បៃដិន បានមានប្រសាសន៍ថា “វាគឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលនឹងតភ្ជាប់កំពង់ផែឆ្លងកាត់ទ្វីបទាំងពីរ ហើយនឹងនាំឱ្យតំបន់មជ្ឈិមបូព៌ាកាន់តែមានស្ថិរភាព មានវិបុលភាពជាងមុន និងកាន់ តែរួមបញ្ចូលគ្នា”។ លោក បៃដិន បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដោយប្រកាសអំពីកតិកាសញ្ញានេះថា “វានឹងបើកឱកាសដែលគ្មានទីបញ្ចប់ សម្រាប់ថាមពលស្អាត អគ្គិសនីស្អាត និងបណ្តាញខ្សែកាបដើម្បីតភ្ជាប់សហគមន៍”។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលជាម្ចាស់ផ្ទះនៃជំនួបកំពូល G20 បានមានប្រសាសន៍ថា “នៅថ្ងៃនេះ ខណៈយើងប្រកាសចាប់ផ្តើមគំនិតផ្តួចផ្តើម លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសំបើមនេះ យើងកំពុងសាបព្រួសគ្រាប់ពូជ សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីសម្រេចក្តីសុបិន្តកាន់តែធំ”។
លោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រ យោជន៍ដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមនៅក្នុងតំបន់ ហើយថែមទាំងផ្តល់តួនាទីសំខាន់ សម្រាប់តំបន់មជ្ឈិមបូព៌ាក្នុងពាណិជ្ជកម្មពិភពលោក។
ក្រុមមន្ត្រីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងភ្ជាប់បណ្តាប្រទេស នៅមជ្ឈិមបូព៌ាដោយផ្លូវដែក និងតភ្ជាប់ពួកគេ ទៅកាន់ប្រទេសឥណ្ឌាតាមរយៈកំពង់ផែ និងជួយដល់លំហូរថាមពល និងពាណិជ្ជកម្មពីឈូងសមុទ្រទៅកាន់តំបន់អឺរ៉ុប ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូន ថ្លៃដើម និងការប្រើប្រាស់ប្រេងឥន្ធនៈ។
អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខា ដោយសហភាពអឺរ៉ុប ឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហរដ្ឋអាមេរិក និងដៃគូ G20 ផ្សេងទៀត៕