ដោយ: គង់ លាងហួរ
ហាណូយ: ស្របពេលមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការពង្រឹងអំណាចនយោបាយ របស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង លោកចូ បៃដិន មើលឃើញឱកាសមួយ ដើម្បីទាញប្រទេសជាច្រើនទៀត រួមទាំងប្រទេសវៀតណាម និងកម្ពុជា ចូលទៅក្នុងគន្លងរបស់អាមេរិក។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានបើកដំណើរទស្សនកិច្ចរយៈពេលខ្លី ទៅកាន់ប្រទេសវៀតណាម ដោយលោកបៃដិន បានបញ្ជាក់ប្រាប់ទៅកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រទេសយើងទាំងពីរមានឱកាស ដើម្បីរៀបចំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់ទសវត្សរ៍ខាងមុខ។
-->
ទីប្រឹក្សាកំពូលមួយរូបរបស់លោក ចូ បៃដិន បានមានប្រសាសន៍ថា វៀតណាមកំពុងបង្កើនទំនាក់ទំនងជាមួយអាមេរិក ដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលតំណាងឱ្យភាពជាដៃគូអន្តរជាតិកម្រិតខ្ពស់បំផុតរបស់វៀតណាម។
បណ្តាប្រទេសផ្សេងទៀត ដែលមានទំនាក់ទំនងកម្រិតខ្ពស់បំផុតជាមួយវៀតណាម រួមមាន ប្រទេសចិន និង រុស្ស៊ី។ ការលើកកំពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឱ្យឡើងដល់កម្រិតខ្ពស់បំផុតដូចគ្នានេះបង្ហាញថា វៀតណាមចង់ពង្រីកមិត្តភាពរបស់ខ្លួន ខណៈក្រុមហ៊ុនអាមេរិកនិងអឺរ៉ុបជាច្រើន កំពុងស្វែងរកទីតាំងផលិតកម្មថ្មីចេញពីប្រទេសចិន។
លោក បៃដិន បានរីករាយស្វាគមន៍ ចំពោះចំណាត់ការនេះ ដោយលោកសង្ឃឹមថា វឌ្ឍនភាពអាចនឹងសម្រេចបាន លើបញ្ហាប្រឈមមួយចំនួន ដូចជា អាកាសធាតុ សេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀត ក្នុងអំឡុងដំណើរទស្សនកិច្ច រយៈពេល២៤ម៉ោងរបស់លោក ទៅកាន់ទីក្រុងហាណូយ។
ក្នុងអំឡុងជំនួបដាច់ដោយឡែកមួយជាមួយលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោកចូ បៃដិន បានចាត់ទុកសហរដ្ឋអាមេរិក និងវៀតណាមថា ជា “ដៃគូដ៏សំខាន់ក្នុងពេលវេលាដ៏សំខាន់មួយ”។
លោក Jon Finer ប្រធានទីប្រឹក្សារងទទួលបន្ទុកផ្នែកសន្ដិសុខជាតិរបស់លោក បៃដិន បានថ្លែងថា ស្ថានភាពទំនាក់ទំនងបច្ចុប្បន្ននេះរវាងសហរដ្ឋអាមេរិក និងវៀតណាម បង្ហាញពីទំនាក់ទំនងភាពជាដៃគូកម្រិតខ្ពស់បំផុតរបស់វៀតណាម នៅក្នុងភាពជាដៃគូអន្តរជាតិ៕