តើស្ថានភាពតម្លៃដីធ្លីនៅក្នុងទីក្រុងជាប់ព្រលានយន្តហោះថ្មីក្រុងសៀមរាបកំពុងមានការប្រែប្រួលបែបណា?

0

ដោយៈ ជេស៊ីកា

សៀមរាបៈ តើសកម្មភាពទិញ លក់ និងតម្លៃដីធ្លីនៅទីក្រុងថ្មី​Airport Cityបាននិងកំពុងវិវត្តន៍បែបណា ខណៈក្រុមហ៊ុនYunan Development បាននិងកំពុងរៀបចំសម្ភោធព្រលានយន្តហោះសៀមរាប អង្គរតម្លៃ១១០០លានដុល្លារ នៅខែតុលាខាងមុខនេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ធ្លាប់បានស្នើសុំសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរៀបចំកសាងទីក្រុងព្រលានយន្តហោះលើទំហំផ្ទៃដី១០០០ហិកតា ដើម្បីគាំទ្រដល់ដំណើរការព្រលានយន្តហោះនេះ។លោកកែវ សុធារ៉ាប្រធានក្រុមហ៊ុនKW Cambodiaប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍ថា បច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវថ្មីតភ្ជាប់ពីព្រលានយន្តហោះថ្មី ក្នុងស្រុកសូទ្រនិគម មកកាន់ក្រុងសៀមរាបបានបញ្ចប់ហើយ។ លោកបន្តថា “ស្ថានភាពទីផ្សារអចលនទ្រព្យ នៅក្រុងសៀមរាប និងទីក្រុងថ្មីមានសភាពស្ងប់ស្ងាត់ ប៉ុន្តែតម្លៃមិនធ្លាក់ចុះនោះទេ ដោយតម្លៃដីនៅទីក្រុងនេះ ដែលជាប់ផ្លូវធំមានតម្លៃចន្លោះពី១០ ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា “សម្រាប់ដីមានទីតាំងនៅផ្នែកខាងក្នុង មានតម្លៃចន្លោះពី២ ទៅ២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េផងដែរ”។ ព្រលានយន្តហោះថ្មី ខេត្តសៀមរាប អង្គរ មានទីតាំងស្ថិតនៅប្រជុំនៃស្រុកចំនួន៣ គឺស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ។ជាមួយគ្នានេះ អ្នកស្រីជួន ផល្លី ភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុនKPTបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ផ្សេងៗនៅខេត្តសៀមរាប មានសភាពទ្រឹង ប៉ុន្តែតំបន់ទីក្រុងថ្មី ស្ថិតនៅកៀកនឹងព្រលានយន្តហោះថ្មី មានសកម្មភាពទិញលក់បណ្តើរៗ ដោយតម្លៃមានការប្រែប្រួលអាស្រ័យលើទីហំដីតូចៗ និងដីធំ ដែលដីជាប្រភេទដីឡ៏ត៍មានតម្លៃ៧៥ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីទំហំធំៗមានតម្លៃចន្លោះពី១៥ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អ្នកស្រីបន្តថា “ទីផ្សារកំពុងងើបឡើងវិញបណ្តើរៗ ប៉ុន្តែអ្វីៗត្រូវការរង់ចាំពេលវេលាបន្ថែមទៀត ដើម្បីឲ្យទីផ្សារនេះមានភាពប្រសើរឡើងវិញ”។

ខេត្តសៀមរាប ជាប៉ូលទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ដែ​លរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ លើផ្លូវក្នុងទីក្រុងជាង៣០ខ្សែ ការសាងសង់ព្រលានយន្តហោះថ្មី ការសាងសង់ផ្លូវហាយវេថ្មី និងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនChina Metro Groupបាននិងកំពុងសិក្សា ដើម្បីសាងសង់ខ្សែរថភ្លើងធុនស្រាល តភ្ជាប់ពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀម​រាបផងដែរ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវត្ថាបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ការអភិវឌ្ឍន៍ព្រលានយន្តហោះ មិនងាយផ្តល់ផលចំណេ​ញទេ ហេតុនេះទើបក្រុមហ៊ុនសាងសង់ ទីក្រុងព្រលានយន្តហោះអម(Airport City) ដើម្បីទាក់ទាញការវិនិយោគ និងបង្កើតសកម្មភាពអាជីវកម្មបន្ថែម ដែលទីក្រុងថ្មីអាចនឹងមានភោជនីយដ្ឋាន សណ្ឋាគារ ផ្សារទំនើបជាដើម ដើម្បីបំរើឲ្យការកំសាន្ត ដើរទិញទំនិញ និងការស្នាក់នៅរបស់ភ្ញៀវធ្វើដំណើរនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here