ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក គីម ឃាង ដែលមានអាយុ២៥ឆ្នាំ និងជាអាជីវករនៅកម្ពុជា បានសម្រេចចិត្តប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីចិន (EV) ដើម្បីសន្សំថ្លៃសាំង និងជួយរក្សាខ្យល់អាកាសឱ្យបរិសុទ្ធ។
ដោយថ្លែងប្រាប់សារពត៌មាន Xinhua ខណៈពេលកំពុងទិញរថយន្តអគ្គិសនីម៉ាក Hongqi នៅរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទដើមសប្តាហ៍ លោក គីម ឃាង សង្ឃឹមថា រថយន្តEV នឹងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈរបស់គាត់ពាក់កណ្តាល និងរួមចំណែកការពារបរិស្ថាន។
លោកបានប្រាប់សារពត៌មាន Xinhua ថា “ពីមុន ខ្ញុំបើកបរឡានប្រើប្រាស់សាំង ហើយការចំណាយរបស់ខ្ញុំទៅលើថ្លៃសាំងគឺខ្ពស់បន្តិច ពោលគឺចន្លោះពី៣០០ទៅ៤០០ដុល្លារក្នុងមួយខែ”។ លោកគីម ឃាងបានបន្តថាតម្លៃរថយន្តអគ្គិសនី EV គឺស្រដៀងទៅនឹងរថយន្តប្រើសាំងដែរ។ លោកបានបញ្ជាក់ទៀតថា “រថយន្ត Hongqi EV នេះគឺជា រថយន្តដែលខ្ញុំចូលចិត្តព្រោះវាជាម៉ាកយីហោលំដាប់ខ្ពស់ប្រណីតនៅប្រទេសចិន ហើយវាមានភាពស្រស់ស្អាតគុណភាពខ្ពស់និងតម្លៃប្រកួតប្រជែង ”។
អ្នកគ្រប់គ្រងផ្នែកលក់ម្នាក់នៅក្រុមហ៊ុន Mingyang Guoji Co., Ltd. ដែលជាភ្នាក់ងារផ្តាច់មុខរបស់ម៉ាកយីហោ Hongqi ប្រចាំនៅកម្ពុជា បានលើកឡើងថា ចាប់តាំងពីរដ្ឋាភិបាលចាប់ផ្តើមជំរុញឱ្យមានការនាំចូលរថយន្ត EV មក ការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែពួកគេដឹងអំពីគុណសម្បត្តិនានា ដូចជាការកាត់បន្ថយថ្លៃដើមប្រេងឥន្ធនៈ និងមិនប៉ះពាល់បរិស្ថាន។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញឱ្យប្រជាជនប្រើប្រាស់រថយន្ត EV និងម៉ូតូអគ្គិសនី ព្រោះវាមិនប៉ះពាល់ដល់ បរិស្ថាន និងអាចជួយសន្សំប្រាក់របស់អ្នកប្រើប្រាស់ផងដែរ។ យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឱ្យដឹងថា រថយន្ត EV ថ្មីប្រហែល៨០០គ្រឿងត្រូវបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣៕




