អ្នកអភិវឌ្ឍរំពឹងថា រដ្ឋាភិបាលថៃនឹងជំរុញលើកកំពស់វិស័យអចលទ្រព្យ ខណៈនាយករដ្ឋមន្ត្រីថ្មីមានបទពិសោធស្រាប់ក្នុងវិស័យនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកអភិវឌ្ឍន៍ក្នុងស្រុកលើកឡើងថា ទីផ្សារលំនៅដ្ឋាននៅខេត្តឈៀងម៉ៃ ត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅឆ្នាំក្រោយ ប៉ុន្តែរដ្ឋាភិបាលគួរតែអនុវត្តវិធានការដើម្បីបង្កើនអំណាចនៃការទិញផ្ទះ។

លោក Soranand Sethi អនុប្រធានសភាពាណិជ្ជកម្មឈៀងម៉ៃបានមានប្រសាសន៍ថា សេដ្ឋកិច្ចក្នុងខេត្តឈៀងម៉ៃបានងើបឡើងវិញជាបណ្តើរៗ ដែលភាគច្រើនត្រូវបានជំរុញដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

លោកបានបន្តថា “វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ដល់ប្រាក់ចំណូលរបស់ខេត្តឈៀងម៉ៃ ដោយវិស័យទេសចរណ៍ក្នុងខេត្តមានភាពប្រសើរឡើងក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ លើសពីការរំពឹងទុក ទោះបីជាវាមិនឈានដល់កម្រិតដូចមុនជំងឺរាតត្បាតយ៉ាងណាក្តី”។

លោក Soranand ដែលមានតួនាទីជាប្រធានសមាគមអចលនទ្រព្យខេត្តឈៀងម៉ៃផងដែរនោះ បានបញ្ជាក់ទៀតថា ការងើបឡើងវិញនៃវិស័យទេសចរណ៍បានពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។

តម្រូវការលំនៅដ្ឋានក្នុងខេត្តឈៀងម៉ៃកំពុងមាននិន្នាការកើនឡើង ស្របពេលមានកត្តាវិជ្ជមានផ្សេងទៀត ដូចជាអត្រាអ្នកអត់ការងារធ្វើទាប និងអត្រាអតិផរណាមានស្ថិរភាព ។ ប៉ុន្តែអត្រាបំណុលក្នុងគ្រួសារដ៏ខ្ពស់ បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធភាពទទួលបានកម្ចីទិញផ្ទះ។

លោក Soranand បានមានប្រសាសន៍ថា “ការនាំចេញបានធ្លាក់ចុះក្នុងរយៈពេល៩ខែកន្លងមកនេះ ខណៈអត្រាការប្រាក់មានកម្រិតខ្ពស់ ហើយទោះបីជាស្ថានភាពនយោបាយបានស្ងប់ស្ងាត់វិញយ៉ាងណាក្តី ក៏ប៉ុន្តែនៅតែមានការយល់ឃើញពីភាពមិនច្បាស់លាស់ក្នុងចំណោមជនបរទេស”។

លោកបានបន្ថែមថា “ការមកដល់របស់ភ្ញៀវទេសចរជនជាតិចិន ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងវិស័យទេសចរណ៍ មានការថយចុះនៅឆ្នាំនេះ ដោយសារតែមានការរឹតបន្តឹងដោយរដ្ឋាភិបាលចិន។ ដូច្នេះ ជាលទ្ធផល វិស័យអចលនទ្រព្យត្រូវការវិធានការពីរដ្ឋាភិបាលដើម្បីបង្កើនតម្រូវការ”។

លោក Predikorn Buranupakorn នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ Chiang Mai Ornsirin Holding បានលើកឡើងថា វិធានការគឺមានភាពចាំបាច់ណាស់ ដើម្បីទាក់ទាញជនបរទេសសម្រាប់គោលបំណងទេសចរណ៍ និងការវិនិយោគ ដូចជាវិធានការអនុញ្ញាតឱ្យជនបរទេសអាចចូលប្រទេសថៃដោយគ្មានទិដ្ឋាការ ឬគោលនយោបាយដើម្បីលើកទឹកចិត្តការទិញអចលនទ្រព្យពីបរទេស។

លោកបានមានប្រសាសន៍បន្ថែមថា “លោកនាយករដ្ឋមន្ត្រីស្រេតថា ថាវីសុីនមានបទពិសោធន៍ក្នុងវិស័យធុរកិច្ច និងអចលនទ្រព្យ ដូច្នេះ អ្នកអភិវឌ្ឍន៍ទាំងអស់រំពឹងថា លោកនឹងអនុវត្តវិធានការដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យ”។

លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ធ្លាប់ធ្វើជាអ្នកជំនួញ និងប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសថៃ Sansiri ហើយលោកទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃកាលពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here