ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ ។
នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គ្រោងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ ខាងមុខនេះ។ ការដាក់ឲ្យជាប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្នអបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។លោកបន្តថា ការបើកឱ្យដំណើរការធ្វើបរាចរណ៍នៅស្ពានខាងលើនេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស។
លោក ឃួង ស្រេង បានបញ្ជាក់ថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀតនៅចំណុចព្រែកប្រាឆ្លងទៅផ្លូវ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧ ប៉ុន្តែគម្រោងនេះ យើងកំពុងតែសិក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឡើយទេ។ តែជាជំហានដែលត្រូវអនុវត្ត យើងនិងរុះរើស្ពានបាឡេនៅខណ្ឌឬកែវ មកធ្វើស្ពាន នៅចំណុចព្រែកប្រាខាងលើនេះ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។
តំណាងក្រុមហ៊ុន OCIC ដែលទទួលការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ខាងលើនេះ បានបញ្ជាក់អោយដឹងថា ៖ ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចប្រមាណ៩៣%ហេីយ ដោយគ្រោងនឹងបញ្ចប់ នៅមុនព្រះរាជពិធីបុណ្យអ៊ុទូកខាងមុខនេះ។







