តែម សុខុម
ហាណូយ: ប្រទេសវៀតណាម បាននាំចេញអង្ករចំនួន៦លានតោនគិតជាទឹកប្រាក់៣,២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ ដោយចំនួននាំចេញបានកើនឡើង២១% ហើយតម្លៃនាំចេញកើនឡើង៣៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម បង្ហាញថា អ្នកទិញអង្កររបស់វៀតណាម រួមមានបណ្ដាប្រទេសក្នុងតំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងលិច។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា។
-->
ប្រទេសហ្វីលីពីន នៅតែជាអតិថិជនដ៏ធំបំផុតរបស់វៀតណាម ដែលបានទិញអង្ករគិតជាទឹកប្រាក់ជិត១,២៣ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៦%ធៀបនឹងឆ្នាំមុន។ បន្ទាប់មកគឺប្រទេសចិន ដែលបានទិញអង្កររបស់វៀតណាម ក្នុងទំហំទឹកប្រាក់៤៥២លានដុល្លារអាមេរិក ដោយកើនឡើង៦៧,៩%។
ប្រទេសឥណ្ឌូណេស៊ី បានឡើងពីចំណាត់ថ្នាក់ពីលេខ៨ កាលពីឆ្នាំមុនមកចំណាត់ថ្នាក់កំពូលទាំង៣ ជាមួយនឹងការនាំចូលរបស់ខ្លួនកើនឡើង១.៥០៥%ឈានដល់៧១៨.២៦៦តោន សរុបជាទឹកប្រាក់៣៦១,២លានដុល្លារអាមេរិក។
យោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) បង្ហាញថា ប្រទេសជាច្រើនបានបង្កើនការទិញអង្ករស្តុកទុកដោយសារភ័យខ្លាចចំពោះកង្វះនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារពិភពលោក៕ VN Express៕