អង្គការJETROនិងធនាគារជប៉ុនគ្រោងរៀបចំសិក្ខាសាលាស្តីពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជានាទីក្រុងតូក្យូ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ធនាគារមីហ្ស៊ូហូ និងអង្គការពាណិជ្ជកម្មក្រៅប្រទេសស្រុកជប៉ុន ដែលហៅកាត់ថាចេត្រូ (JETRO) គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពី កាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានបង្ហើបឲ្យដឹងពីលោក ខូអ៊ីជិ ហ្សៃគី នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារមីហ្ស៊ូហូ និងលោក សាតូ ណូប៊ូហ្វ៊ូមីនាយកសាខារាជធានីភ្នំពេញ នៃធនាគារមីហ្ស៊ូហូ ក្នុងជំនួបជាមួយលោកជា វុទ្ឋីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ កញ្ញាកន្លងមកនេះ។

ក្នុងជំនួបនោះ លោកជា វុទ្ឋី បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូជប៉ុន ចំពោះជំនួបសម្តែងការគួរសមនេះ ហើយក៏បានលើកឡើងនូវការកិច្ចសហប្រតិបត្តិការកន្លងមក ក្រោមអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៧។ តាមរយៈអនុស្សារណៈយោគយល់គ្នានេះ លោកអគ្គលេខា​ធិការ សង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ទាំងនៅក្នុងប្រទេសជប៉ុន និងទាំងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការនៅប្រទេសដទៃទៀត ឱ្យមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ខូអ៊ីជិ ហ្សៃគី ក៏បានលើកឡើងពីផលប៉ះពាល់នៃជំងឺសកលកូវីដ១៩ ដែលបង្ករជាការលំបាកដល់ធនាគារមីហ្ស៊ូហូ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ខូអ៊ីជិ ហ្សៃគី ក៏បានជម្រាបជូនលោកជា វុទ្ឋីថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ធនាគារមីហ្ស៊ូហូ និងអង្គការពាណិជ្ជកម្មក្នុងស្រុកជប៉ុន ដែលហៅកាត់ថាចេត្រូ (JETRO) គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពីកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីសមាគមធុរកិច្ចជប៉ុន “ខេដាន់រេន” ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗ ក្នុងប្រទេសជប៉ុនផងដែរ។

ដើម្បីឱ្យសិក្ខាសាលានេះ ប្រព្រឹត្តិទៅដោយជោគជ័យនិងប្រក​បដោយផ្លែផ្កា លោក ខូអ៊ីជិ ហ្សៃគី បានស្នើរសុំឱ្យមានការគាំទ្រ និងសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាពិសេសពីសំណាក់ឯកឧត្តមអគ្គលេខាធិការលើគម្រោងនេះ។

ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពរខាងលើលោកជា វុទ្ឋី បានសម្តែងនូវការគាំទ្រ និងសហការ ក្នុងការរៀបចំសិក្ខាសាលាវិនិយោគនេះ និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យសិក្ខាសាលាដែលគ្រោងនឹងរៀបចំនេះ កាន់តែទទួលជោគជ័យថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here