កម្ពុជាចាប់ផ្តើមនាំចេញជលផលធម្មជាតិទៅកាន់ប្រទេសចិនដោយផ្ទាល់ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបាននាំចេញជលផលធម្មជាតិ ជាលើកដំបូងដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលនេះជាកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាមួយទៀត រវាងប្រទេសទាំងពីរក្នុងវិស័យជលផល។

ក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation គឺជាក្រុមហ៊ុនកម្ពុជាដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញជលផលធម្មជាតិ ដោយផ្ទាល់ទៅកាន់ប្រទេសចិន។

លោក ហេង ម៉េងទី អ្នកគ្រប់គ្រងការនាំចេញនៃក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation បានប្រាប់សារពត៌មាន Xinhua ថា នេះជាលើកទីមួយហើយ ដែលកម្ពុជានាំចេញផលជលផល ទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយចេញដំណើរពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទៅកាន់កំពង់ផែក្រុងសៀងហៃ។លោក​ ហេង ម៉េងទី បាន​មានប្រសាសន៍ថា​ “ក្នុង​ការ​នាំ​ចេញ​លើក​ទី​មួយ​នេះ យើង​នាំ​ចេញ​ផលិតផល​ពីរ​ប្រភេទ គឺ​អន្ទង់​បង្កក និង​កំពឹសទឹកសាប​បង្កក ក្នុង​បរិមាណ​សរុបចំនួន១០តោន”។ក្រុមហ៊ុននេះត្រូវបានរំពឹងថា នឹងនាំចេញផលិតផលជលផលធម្មជាតិប្រមាណ២៤០តោន ទៅកាន់ប្រទេសចិនក្នុងមួយឆ្នាំ។លោកបានបញ្ជាក់ថា ការដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងសៀងហៃ នៅថ្ងៃទី១៥ ឬទី១៦ ខែតុលាខាងមុខ។លោក​ ហេង ម៉េងទី បាន​អះអាងថា ជលផល​ទាំងនេះ ​ត្រូវ​បាន​ទិញ​ពី​ប្រជា​នេសាទ ​ក្នុង​ខេត្ត​មួយ​ចំនួន​ជុំវិញ​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ធំ ពោធិ៍សាត់ និង​សៀមរាប។

អ្នកគ្រប់គ្រងការនាំចេញរូបនេះបានឱ្យដឹងទៀតថា ចំពោះគុណភាពផលិតផល និងស្តង់ដារអនាម័យ យើងបានអនុវត្តតាមតម្រូវការរបស់ប្រទេសចិន ពីព្រោះយើងបានបណ្តុះបណ្តាល បុគ្គលិករបស់យើង ហើយអ្នកជំនាញចិនបានគ្រប់គ្រងលើគុណភាពដោយផ្ទាល់។ លោកស្រីអ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានមានប្រសាសន៍ថា វាជាដំណឹងល្អ ដោយលោកស្រីបង្ហាញទំនុកចិត្តថា ផលិតផលជលផលរបស់កម្ពុជា ក៏នឹងទទួលបានការពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ចិនផងដែរ។

លោកស្រីបញ្ជាក់ថា “វាគឺជាជោគជ័យថ្មីមួយ សម្រាប់ការអភិវឌ្ឍវិស័យជលផលរបស់យើង ហើយការនាំចេញផលិតផលជលផលទៅកាន់ប្រទេសចិន នឹងមិនត្រឹមតែជួយជំរុញ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាព កសិកររបស់យើងផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here