ប្រទេសចិនស្វែងរកកិច្ចសន្ទនាដើម្បីស្តារស្ថិរភាពទំនាក់ទំនងជាមួយជប៉ុន ខណៈប្រទេសនេះរុះរើដាក់គណរដ្ឋមន្ត្រីថ្មី

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនបានជំរុញឱ្យភាគីជប៉ុន ពង្រឹងការសន្ទនា និងរួមគ្នា ជំរុញទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពរវាងប្រទេសទាំង២ បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានរុះរើគណៈរដ្ឋមន្ត្រីចាស់របស់លោក។

សមាជិកសភាស្ត្រីជើងចាស់ គឺលោកស្រីYoko Kamikawa ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ការបរទេសថ្មីរបស់ប្រទេសជប៉ុន ជំនួសឱ្យលោកYoshimasa Hayashi។

ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងថា “ការរក្សាបាននូវការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងទ្វេរភាគី គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងសម្រាប់តំបន់”។

ជាមួយគ្នានេះ លោកស្រី Mao Ning ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ ក្នុងការការគ្រប់គ្រងឱ្យបាននូវជម្លោះ និងការខ្វែងគំនិតគ្នារវាងប្រទេសទាំង២ផងដែរ។

ទំនាក់ទំនងទ្វេរភាគី រវាងប្រទេសមហាអំណាចទាំង២ នៅតែមានភាពតានតឹងនឹងគ្នា ដោយនាពេលថ្មីៗនេះ ប្រទេសជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្ម ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។

លើសពីនេះ ទីក្រុងប៉េកាំងក៏បង្ហាញក្តីព្រួយបារម្ភផងដែរ ជុំវិញការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះកោះតៃវ៉ាន់ ដែលជាដែនកោះគ្រប់គ្រងដោយរបបប្រជាធិបតេយ្យ ខណៈទីក្រុងប៉េកាំងបន្តចាត់ទុកដែនកោះនេះ ជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន។ទោះជាយ៉ាងនេះក្តី លោក Minoru Kihara ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី របស់ប្រទេសជប៉ុន មានគោលបំណងលើកកម្ពស់ទំនាក់ទំនងជាមួយដែនកោះតៃវ៉ាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here