ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនសំណង់ជប៉ុនឈ្មោះ RISING និងក្រុមហ៊ុនSINAC INC. មានបំណងបើកដំណើរការ ក្រុមហ៊ុននៅប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យ សំណង់នាំចេញ-នាំចូល និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងជួយសម្រួលធុរកិច្ចដល់ពាណិជ្ជករ និងវិនិយោគិនជប៉ុន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ICHIRO AISAWA សមាជិកសភាជប៉ុន ជាមួយលោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោកស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាប្រទេសជប៉ុន។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងទិសដៅជំរុញការវិនិយោគ ឯកអគ្គរាជទូតកម្ពុជា បានណែនាំឱ្យក្រុមហ៊ុនជួបពិភាក្សាបន្ថែម ជាមួយមន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបានចុះពិនិត្យមើលរោងចក្រ និងទីតាំងដែលអាចអំណោយផល សម្រាប់ការវិនិយោគលើវិស័យខាងលើនេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ហើយតាមរយៈការសម្របសម្រួល ពីលោកអនុព័ន្ធពាណិជ្ជកម្ម ក្រុមហ៊ុនទាំងពីរ នឹងជួបពិភាក្សាការងារជាមួយមន្រ្តីមួយចំនួន នៃក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាព បើកការិយាល័យតំណាងក្រុមហ៊ុននៅកម្ពុជាឱ្យបានកាន់តែឆាប់៕






