វៀតណាម គ្រោងសាងសង់រីហ្សតលំដាប់ផ្កាយ៦ទី២នៅឆកសមុទ្រVinh Hy

0

ដោយៈ តែម សុខុម

ហាណូយ: គម្រោងរីហ្សតលំដាប់ផ្កាយ៦មួយទៀត ដែលមានវីឡាសរុបចំនួន១០០ នឹងត្រូវសាងសង់នៅឆកសមុទ្រ Vinh Hy ស្ថិតតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេស ដែលល្បីល្បាញថាមានសម្រស់ស្រស់ដ៏ស្អាត និងពេញនិយមសម្រាប់អ្នកធ្វើដំណើរទេសច​រណ៍មុជទឹកមើលផ្កាថ្ម។

ក្រុមហ៊ុន Syrena Vietnam Investment and Development ដែលជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ BMI Group និងអ្នកវិនិយោគលើគម្រោងនេះបញ្ជាក់ថា ខ្លួននឹងសាងសង់វីឡាលំដាប់ខ្ពស់ចំនួន៥៤ ក្នុងដំណាក់កាលដំបូង ហើយនឹងសាងសង់វីឡាចំនួន៤៦បន្ថែមទៀតនៅក្នុងដំណាក់កាលទី២។យោងតាមសារព័ត៌មានVN Express ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឱ្យដឹងថា គម្រោងនេះ នឹងគ្របដណ្តប់លើផ្ទៃដីជិត៦៥ហិកតា ក្នុងស្រុកនិញ ហាយ (Ninh Hai) នៃខេត្តនិញ ធួន (Ninh Thuan) ប្រទេសវៀតណាម ហើយគ្រោងចំណាយដើមទុនប្រមាណ៦៦លានដុល្លារអាមេរិក។

បច្ចុប្បន្នរីហ្សត Amanoi Resort ដែលស្ថិតនៅឆកសមុទ្រ Vinh Hy ដែរនោះគឺជារីហ្សតលំដាប់ផ្កាយ៦ តែមួយគត់នៅក្នុងប្រទេសវៀតណាម។

ខេត្តនិញ ធួន (Ninh Thuan) មានតំបន់ទាក់ទាញទេសចរណ៍ជាច្រើនរួមទាំងតំបន់បម្រុងជីវមណ្ឌល លំដាប់ថ្នាក់ពិភពលោក វត្ថុបុរាណ និងវប្បធម៌របស់អាណាចក្រចាម និងវាលខ្សាច់ដ៏ស្រស់ស្អាតផងដែរ៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here