សម្តេចហ៊ុន ម៉ាណែតលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ឋខ្នាតយក្សចិនCRBCបន្តការវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

ប្រទេសចិនៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បានអនុញ្ញាតឲ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុនChina Road and Bridge Corporation (CRBC)និង គណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន។

សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក វ៉ាង តុងជូ និងគណៈប្រតិភូក្រុមហ៊ុនCRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Communications Construction Company Limited ដែលបាន និងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។

សម្តេចធិបតី ក៏បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់ និងការពិនិត្យលទ្ធភាពលើវិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា ។

លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីគម្រោងវិនិយោគផ្លូវថ្នល់ ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗ ដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំកិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀត ពីភាគីរាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក។

ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត។

សម្តេចធិបតីក៏បានណែនាំឱ្យក្រសួង- ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោង ដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែក ក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា តាមរយៈការសម្រេចបាន នូវគម្រោងវិនិយោគផ្លូវថ្នល់នានា ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ។

សម្តេចធិបតី បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេច បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនCRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here