ទីភ្នាក់ងារវាយតម្លៃ Moody’s បន្ទាបទស្សនវិស័យរបស់វិស័យអចលនទ្រព្យនៅប្រទេសចិនក្នុងសញ្ញាអវិជ្ជមាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន Moody’s បានបន្ទាបទស្សនវិស័យរបស់វិស័យអចល​នទ្រព្យនៅប្រទេសចិន ពីសញ្ញាស្ថិរភាព ទៅជាសញ្ញាអវិជ្ជមានវិញ ខណៈបញ្ហាសេដ្ឋកិច្ចចិន នឹងធ្វើឱ្យការលក់ផ្ទះធ្លាក់ចុះ ទោះបីជាមានវិធានការគាំទ្រពីរដ្ឋាភិបាលយ៉ាងណាក្តី។

ទីភ្នាក់ងារ Moody’s ព្យាករថា ការលក់ផ្ទះនៅក្នុងប្រទេសចិននឹងធ្លាក់ចុះប្រហែល៥ភាគរយ ក្នុងរយៈពេលចន្លោះពី៦ខែ ទៅ១២ខែបន្ទាប់ ហើយឥទ្ធិពលនៃវិធានការរបស់រដ្ឋាភិបាលចិន ក្នុងការជំរុញការទិញអចលនទ្រព្យ ទំនងជាមានរយៈពេលខ្លីប៉ុណ្ណោះ។

ការទម្លាក់ចំណាត់ថ្នាក់លើទស្សនវិស័យនេះ បានកើតមានឡើង ស្របពេលដែលក្រុមហ៊ុន អចលនទ្រព្យចិនជាច្រើនបានខកខាន ក្នុងការទូទាត់សងបំណុល ដោយសារវិបត្តិជាប់គាំងលំហូរសាច់ប្រាក់។

តួយ៉ាង China Evergrande Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជំពាក់​បំណុល​ច្រើនជាងគេ​បំផុត ​នៅលើពិភពលោក​ គឺ​ជា​ចំណុច​កណ្តាល​ស្នូលក្នុងវិបត្តិនេះ។វិបត្តិបំណុលនេះ ក៏បានលេបត្របាក់ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ប្រទេសចិន គឺ Country Garden Holdings ដែលកំពុងប្រយុទ្ធតស៊ូ ដើម្បីជៀសផុតការខកខានទូទាត់សងបំណុល។ជាក់ស្តែង ក្រុមហ៊ុន Country Garden បានទទួលការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ដើម្បីពន្យារពេលកាលកំណត់ទូទាត់សងសញ្ញាប័ណ្ណក្នុងស្រុកជាច្រើន។

លោក Cedric Lai អ្នកវិភាគប្រចាំទីភ្នាក់ងារ Moody’s បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពតានតឹងផ្នែកឥណ​ទាននៅក្រុមហ៊ុន Country Garden គួបផ្សំជាមួយនឹងទស្សនវិស័យអវិជ្ជមានបន្ថែមទៀត បានជំរុញឱ្យអ្នកវិនិយោគ មិនហ៊ានប្រ​ឈ​មមុខ ឬមិនហ៊ានប្រថុយនឹងហានិភ័យឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here