រដ្ឋាភិបាលថ្មីរបស់ថៃ កំណត់គោលដៅចំណូលទេសចរណ៍បរទេសថ្មីឱ្យឈានដល់៨៤ពាន់លានដុល្លារអាមេរិក

0

តែម សុខុម

បាងក: រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថ្មីរបស់ថៃ បានកំណត់គោលដៅថ្មីសម្រាប់ចំណូលទេសចរណ៍បរទេសឱ្យឈានដល់៣ទ្រីលានបាត (៨៤ពាន់លានដុល្លារ) ដោយកើនឡើងពី៥៣ពាន់លានដុល្លារ ក្នុងគោលបំណងប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្ត។

លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លើកឡើងថា រដ្ឋាភិបាលចង់សម្រេចគោលដៅដ៏មានមហិច្ឆតានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំផែនការសកម្មភាព។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា នេះ។

ជាវិធានការ គណៈរដ្ឋមន្ត្រីថ្មីរបស់ថៃ បានព្រមព្រៀងលើគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួនកាលពីដើមសប្តាហ៍នេះ។

លោកស្រី Sudawan បានថ្លែងថា “លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានផ្ដល់ឱ្យយើងនូវឧបករណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ដោយចាប់ផ្ដើមពីការលុបចោលលក្ខខណ្ឌតម្រូវឱ្យមានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមួយចំនួន និងបន្ធូរបន្ថយដំណើរការធ្វើដំណើរនៅតាមអាកាសយានដ្ឋាន”។

លោកស្រីបានបន្ថែមថា “ពេលនេះយើងត្រូវត្រៀមគម្រោងជាច្រើនទៀតដើម្បីសម្រេគោលដៅរបស់យើង”។

លោកស្រីលើកឡើងទៀតថា ក្រសួងទេសចរណ៍ និងកីឡាកំពុងផ្ដោតលើព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍កម្សាន្តដែលអាចទាក់ទាញប្រិយមិត្ត ឬ អ្នកចូលរួមបានយ៉ាងច្រើនដូចជាការប្រគំតន្ត្រីខ្នាតអន្តរជាតិ និងព្រឹត្តិការណ៍កីឡាជាដើម”៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here