ក្រុមហ៊ុនសហរដ្ឋអាមេរិកធំៗចំនួន៣ កំពុងស្វែងរកអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាមេរិកធំៗ ដូចជា ក្រុមហ៊ុន Boeing ក្រុមហ៊ុន Walmart និង Amazon កំពុងស្វែងរកអ្នកផ្គត់ផ្គង់របស់ពួកគេ នៅក្នុងប្រទេសវៀតណាម ក្នុងឱកាសចូលរួមព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

អ្នកតំណាងក្រុមហ៊ុនថាមពល AES ក្រុមហ៊ុនលក់រាយ Carrefour ក្រុមហ៊ុនលក់រាយឧបករណ៍កីឡា Decathlon ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA ក្រុមហ៊ុនលក់រាយ Aeon Uniqlo និងក្រុមហ៊ុន Central Group ស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលបានបង្ហាញវត្តមាននៅក្នុងវេទិកានាំចេញឆ្នាំ២០២៣ស្តីពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដែលរៀបចំធ្វើឡើងនៅទីក្រុងហូជីមិញ។

លោក Lionel Adenot នាយកប្រតិបត្តិនៃក្រុមហ៊ុន Decathlon Vietnam បានមានប្រសាសន៍ថា ប្រទេសវៀតណាមមានឱកាសដ៏ធំមួយក្នុងការក្លាយជាកត្តាសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

លោកបានបន្ថែមថា ក្រុមហ៊ុននានាក៏គួរតែបង្កើតផែនការឱ្យបានឆាប់រហ័ស និងផ្តល់អាទិភាពដល់វត្ថុធាតុដើមក្នុងស្រុក និងត្រូវកំណត់ផលប៉ះពាល់ទៅលើបរិស្ថានផងដែរ។អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានបញ្ជាក់ឲ្យដឹងថា ការចូលរួមរបស់អង្គភាពអាជីវកម្មមកពីជាង៣០ប្រទេស និងដែនដីនេះ នឹងជួយជំរុញប្រទេសវៀតណាមឱ្យចូលកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក។

ក្នុងរយៈពេលប្រាំបីខែដំបូង ដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរបស់វៀតណាមសម្រេចបានទឹកប្រាក់ចំនួន៤៣៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងអតិរេកពាណិជ្ជកម្មជាង២០ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here