ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅឯវិមានប្រជាជនចិនកាលពីថ្ងៃសុក្រកន្លងមកនេះ។
លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសរើសប្រទេសចិនជាគោលដៅសម្រាប់ដំណើរទស្សនកិច្ចទ្វេរភាគីលើកដំបូង ដែលនេះបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវសារៈសំខាន់ដ៏ធំធេង ដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍមិត្តភាពចិន-កម្ពុជា។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែកថែប ដោយលោកបានបន្ថែមថា ក្នុងរយៈពេល៦៥ឆ្នាំ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ភាគីទាំងពីរតែងតែរក្សាបាននូវកម្រិតនៃការជឿទុកចិត្តគ្នាខ្ពស់ ចាត់ទុកគ្នាទៅវិញទៅមកដោយស្មើភាពគ្នា ទទួលបានលទ្ធផលឈ្នះ-ឈ្នះ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍។
លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តជាទៀងទាត់ជាមួយកម្ពុជា និងជំរុញឱ្យការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចកាន់តែស៊ីជម្រៅ។
លោក សុី បានបញ្ជាក់ថា ភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អនូវយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល និងអនុវត្តផែនការសកម្មភាពថ្មីសម្រាប់ការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា។
លោក សុី ក៏បានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា “Diamond Hexagon” ព្រមទាំងរួមគ្នាកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រី និងស្រូវ” និងជំរុញការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗដែលពាក់ព័ន្ធឱ្យបានលឿន។
លោក សុី លើកឡើងទៀតថា ភាគីចិនមានឆន្ទៈក្នុងការអនុវត្តច្បាប់ជាប្រចាំនិងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយកម្ពុជា និងបន្តបង្រ្កាបបទល្មើសឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអុីនធឺណេត និងការក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍។
លោក សុី បានមានប្រសាសន៍ថា ភាគីទាំងពីរគួរតែបន្តរៀបចំសកម្មភាពនានាដើម្បីអបអរសាទរ “ឆ្នាំមិត្តភាពចិន-កម្ពុជា” និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយុវជន មូលដ្ឋាន អប់រំ ទេសចរណ៍ និងសុខាភិបាល ដើម្បីជំរុញឱ្យមិត្តភាពចិន-កម្ពុជានាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក ស៊ី បានគូសបញ្ជាក់ថា មិនថាស្ថានភាពអន្តរជាតិ និងតំបន់អាចប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិនតែងតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុត និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជាហើយចិនត្រៀមខ្លួនជាស្រេចក្នុងការរួមដៃជាមួយកម្ពុជាដើម្បីលើកតម្កើងភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចបានជ្រើសរើសប្រទេសចិនជាគោលដៅសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ដើម្បីបង្ហាញថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមិត្តភាពចំពោះប្រទេសចិន និងបន្តពង្រឹងទំនាក់ទំនង
មិត្តភាពរវាងកម្ពុជា និងចិនបន្ថែមទៀត។
សម្តេចបានបន្តថា កម្ពុជានឹងគោរពតាមគោលការណ៍ចិនតែមួយ គាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូល និងគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលស្នើឡើងដោយប្រធានាធិបតីចិនលោកស៊ី ជីនពីង។
សម្តេចបញ្ជាក់ថា កម្ពុជាមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវនិងជំរុញឱ្យមានការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីក្នុងវិស័យឧស្សាហកម្ម កសិកម្ម ការវិនិយោគ វប្បធម៌ និងវិស័យផ្សេងទៀតក្រោមក្របខ័ណ្ឌត្បូងពេជ្រ។សម្តេចបានធ្វើការកត់សម្គាល់ថា ភាគីកម្ពុជាមានឆន្ទៈសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងកិច្ចការតំបន់ និងអន្តរជាតិ ដើម្បីជំរុញទំនាក់ទំនងទ្វេរភាគីឱ្យឡើងដល់កំពស់ថ្មីមួយ៕