ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិន ធ្លាក់ចុះ២០ខែជាប់ៗគ្នា

0

តែម សុខុម

ប៉េកាំងៈ ទិន្នន័យពីក្រសួងហិរញ្ញវត្ថុបានបង្ហាញកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិន បានធ្លាក់ចុះ២០ខែជាប់ៗគ្នាក្នុងខែសីហា ហើយនេះសញ្ញាបង្ហាញពីសម្ពាធកាន់តែខ្លាំងឡើងទៅលើរដ្ឋបាលមូលដ្ឋាន ខណៈវិបត្តិបំណុលធ្លាក់កាន់តែជ្រៅ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឱ្យដឹងថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិន បានធ្លាក់ចុះ២២,២%ក្នុងខែសីហា បើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ១០,១%កាលពីកក្កដា។

សម្រាប់រយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំនេះ ការលក់ដីធ្លីបានធ្លាក់ចុះ១៩,៦%បើធៀបនឹងឆ្នាំមុនមកនៅត្រឹម៣៧២,៨២ពាន់លានដុល្លារអាមេរិក។

ការកើនឡើងនូវបំណុលរបស់រដ្ឋបាលមូលដ្ឋានកំពុងបង្កហានិភ័យធំដល់សេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសចិន បន្ទាប់ពីការវិនិយោគច្រើនពេកលើហេដ្ឋារចនាសម្ព័ន្ធក្នុងពេលជាច្រើនឆ្នាំមកនេះ និងការធ្លាក់ចុះនៃប្រាក់ចំណូលពីការលក់ដីធ្លី។

អ្នកជំនាញ Wenyin Huang ដែលជាអ្នកវិភាគឥណទានមកពីទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាមេរិក S&P Global Ratings លើកឡើងថា “ការធ្លាក់ចុះជាបន្តបន្ទាប់នៃប្រាក់ចំណូលពីការលក់ដីធ្លី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋបាលមូលដ្ឋាន អាចបំផ្លាញកម្លាំងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់នេះ និងកាត់បន្ថយអំណាចនៃការចំណាយតាមចិត្តចង់”។

ក្រុងប៉េកាំង បាននិងកំពុងបង្កើនវិធានការដើម្បីដោះស្រាយហានិភ័យបំណុលតាមមូលដ្ឋាន រួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងលើវិស័យអចលនទ្រព្យ និងការត្រួតពិនិត្យកាន់តែងតឹងរ៉ឹងលើស្ថាប័នផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋបាលមូលដ្ឋានផងដែរ ដោយទីផ្សារនានារំពឹងថានឹងមានវិធានការសារពើពន្ធ និងរូបិយវត្ថុបន្ថែមទៀតដើម្បីធានាបានថា សេដ្ឋកិច្ចងើបឡើងវិញយ៉ាងពិតប្រាកដ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here