ភ្នំពេញ ៖ គម្រោងអគារខុនដូប្រណិត Toulkork Lane ស្ថិតនៅជិតអង់តែនទួលគោកដែលជាតំបន់មានសក្ដានុពលខ្លាំងបានបើកលក់យូនីតថ្មីជាប្រភេទ Penthouse ដែលមានតែមួយគត់នៅក្នុងតំបន់ទួលគោក។
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនអភិវឌ្ឍន៍អគារខុនដូប្រណិត ToulKork lane បានរៀបចំពិធីប្រកាសបើកលក់ជាផ្លូវការនូវយូនីតប្រភេទ Penthouse ក្នុងអគាររបស់ខ្លួនផ្ទាល់តែម្តង ដោយមានការចូលរួមជាកិត្តិយសពីសំណាក់អតិថិជនចាស់ និងថ្មី ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនភ្នាក់ងារលក់ជាដៃគូ បុគ្គលិក និងនិយោជិកគ្រប់ជាន់ថ្នាក់របស់ទួលគោកលេន ដែលជាការបង្ហាញពីភាពជោគជ័យរបស់ខ្លួនក្នុងការអភិវឌ្ឍអគារខុនដូនៅក្នុងប្រទេសកម្ពុជា ។

លោក Andy នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់នៃគម្រោង Toulkork Lane បានឱ្យដឹងថា បន្ទាប់ពីបានបើកលក់យូនីតប្រភេទ Loft ដែលជាប្រភេទខុនដូមាន២ជាន់កាលពីខែកក្កដាកន្លងទៅនេះ សម្រេចរហូតដល់ទៅជិត ៥០% នៃយូនីត Loft ទាំងអស់។
ដោយឡែក នៅក្នុងថ្ងៃទី១៥ ខែកញ្ញា ក្រុមហ៊ុនបានសម្រេចបើកលក់យូនីតប្រភេទ Penthouse ដែលអតិថិជនរង់ចាំអស់រយៈពេលជាយូរមកហើយ។ ដោយសារតែវាជាប្រភេទខុនដូដែលមានតែ១គត់នៅក្នុងតំបន់ ហើយមានតែ៤យូនីតប៉ុណ្ណោះជាមួយនឹងក្ដីរំពឹងថានឹងលក់អស់ត្រឹមមុនបំណាច់ឆ្នាំ២០២៣ខាងមុខនេះ។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះទួលគោកលេន នៅតែជាគម្រោងមួយដែលបានទទួលការគាំទ្រពីសំណាក់អតិថិជនគ្រប់ជាន់ថ្នាក់ ជាមួយនឹងប្រណិតភាពរបស់ខ្លួន ហើយតម្លៃគឺជាកត្តាមួយដ៏សំខាន់ដែលធ្វើឲ្យអតិថិជនសម្រេចចិត្តក្នុងការទិញយកភ្លាមៗដោយមិនគិតគូរយូរ។ ជាក់ស្តែងក្នុងការលក់រយៈពេលជិតមួយឆ្នាំកន្លងមកនេះគម្រោងរបស់យើងបានលក់ដាច់អស់ជិត៦០%ទៅហើយ។
ដើម្បីជាការតបស្នង ក៏ដូចជាការលើកទឹកចិត្តទៅដល់អតិថិជនទាំងចាស់និងថ្មី ទួលគោកលេននឹងមានការចាប់រង្វាន់យ៉ាងធំសម្បើមគឺរថយន្ត Toyota Wigo 2024 ដ៏ថ្មីស្រឡាងចំនួន១គ្រឿង។ រាល់អតិថិជនដែលបានបញ្ជាទិញខុនដូទួលគោកលេនមួយយូនីត នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដើម្បីផ្សងសំណាង ហើយមិនត្រឹមតែបានទៅលើអតិថិជនប៉ុណ្ណោះទេ សម្រាប់ភ្នាក់ងារជាដៃគូលក់របស់ទួលគោកលេនក៏នឹងមានឱកាសឈ្នះរង្វាន់រថយន្ត១គ្រឿងដូចគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា អគារខុនដូបែបប្រណីតToulkork lane (ទួលគោកលែន) ត្រូវបានអភិវឌ្ឍឡើងនៅលើផ្ទៃដីទំហំ ១,១០០ម៉ែត្រការ៉េ និងមានផ្ទៃសំណង់សរុបទំហំ ២១,០០០ម៉ែត្រការ៉េ មានកម្ពស់ ២១ជាន់ ស្មើនឹងជាង ៧០ម៉ែត្រ ដោយក្នុង១ជាន់មានចំនួន ២៣យូនីត និងសរុបជាង ៤០០យូនីត។នៅក្នុងគម្រោងមួយនេះមានចំណតរថយន្តធំទូលាយ អាចចតបានរថយន្តរហូតទៅដល់ជាង៨០ចំណត និងបំពាក់ទៅដោយឧបករណ៍សុវត្ថិភាពបែបទំនើប ជាពិសេស អតិថិជនរបស់ទួលគោកលេនអាចនឹងចូលមករស់នៅបានក្នុងខែតុលាឆ្នាំ២០២៣ខាងមុខនេះហើយ៕