ដោយៈ តែម សុខុម
ហាណូយ: នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនចិនធំៗមួយចំនួន នៅទីក្រុងណាននីង (Nanning) ខេត្តគ័ងស៊ី (Guangxi) ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO) និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន (CABIS) នៅទីនោះ។
ដោយទទួលឱ្យលោក Chen Yun ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន China Railway Group ចូលជួបសម្ដែងការគួរសម នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានសរសើរការឈានជើងទូទាំងពិភពលោក និរន្តរភាពរបស់ក្រុមហ៊ុននេះ ជាមួយនឹងការពង្រីកខ្លួនបាន៣៨១សាខាក្នុង១០៥ប្រទេស។
-->
 
 
លោក Chen Yun លើកឡើងថា ពេលនេះក្រុមហ៊ុនរបស់លោកគឺជាអ្នកម៉ៅការធំនៅវៀតណាម ដូចជា គម្រោងផ្លូវដែកមួយចំនួននៅទីក្រុងហាណូយ និងគម្រោងស្ថានីយអគ្គិសនី ដើរដោយថាមពលខ្យល់នៅក្នុងខេត្តខ្ពង់រាប ភាគកណ្ដាល Dak Nong និងរោងចក្រផលិតសម្បកកង់រថយន្ត នៅខេត្តភាគខាងត្បូង Tien Giang។
លោកបានបង្ហាញចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងការសាងសង់គម្រោងដឹកជញ្ជូននានា នៅក្នុងប្រទេសវៀតណាម ដូចជាផ្លូវដែកល្បឿនលឿន North-South Express Railway និងផ្លូវដែកល្បឿនលឿន Lao Cai-Ha Noi-Hai Phong Express Railway និងខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហាណូយ ជាដើម។
ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ថ្លែងថា ប្រទេសវៀតណាម កំពុងបង្កើនការចាប់ដៃគូជាមួយវិស័យរដ្ឋ និងឯកជន ដើម្បីសម្រេចបាននូវផ្លូវល្បឿនលឿនប្រវែង៥.០០០គីឡូម៉ែត្រ បញ្ចប់ដំណាក់កាលដំបូងនៃអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (Long Thanh international airport) និងផ្លូវឆ្នេរសមុទ្រប្រវែង១.៧០០គីឡូម៉ែត្រពី Quang Ninh ទៅ Ca Mau នៅឆ្នាំ២០៣០។
លោក Pham Minh Chinh បានឱ្យដឹងថា ប្រទេសវៀតណាម គ្រោងនឹងសាងសង់ផ្លូវដែក ដូចជា ផ្លូវដែក Lao Cai-Ha Noi-Hai Phong Railway ដើមដែលមានប្រវែងសរុបប្រមាណ៣៨៨គីឡូម៉ែត្រ និងចំណាយថវិកាអស់១១ពាន់លានដុល្លារអាមេរិក ផ្លូវដែក Vung Ang-Laos Railway ដែលផ្នែកនៅខាងវៀតណាម លាតសន្ធឹង១០៣គីឡូម៉ែត្រ និងចំណាយថវិកាអស់១,៦ពាន់លានដុល្លារអាមេរិក ហើយខ្សែរថភ្លើងHa Noi-HCM City Line មានប្រវែង១.៥៤៥គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគរួមគ្នា ប្រមាណ៦២ពាន់លានដុល្លារអាមេរិក៕ VN News៕