អ្នកជំនាញៈទីផ្សារអចលនទ្រព្យខេត្តសៀមរាបនឹងងើបឡើងក្រោយព្រលានយន្តហោះថ្មីបើកដំណើរការ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប ពិសេសតំបន់ព្រលានយន្តហោះសៀមរាប អង្គរ នឹងងើបឡើងក្រោ​យព្រលានយន្តហោះនេះបើកដំណើរការ។

ព្រលានយន្តហោះអន្តរជាតិថ្មី សៀមរាប អង្គរបានចំណាយប្រាក់វិនិយោគអស់១១០០លានដុល្លារ កើនឡើងលើសផែនការដំបូង ដែលគ្រោងចំណាយត្រឹម៨៨០លានដុល្លារប៉ុណ្ណោះ។ ព្រលានយន្តហោះលំដាប់4Fនេះ នឹងបើកដំណើរការនៅថ្ងៃទី១៦ តុលាឆ្នាំ២០២៣ខាងមុខនេះ។

លោកកែវ សុធារ៉ាប្រធានក្រុមហ៊ុនKW Cambodia ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ទីផ្សា​រអចលនទ្រព្យ នៅក្រុងសៀមរាប នៅតែមានសកម្មភាពទិញ លក់ ប៉ុន្តែមិនទាន់មានភាពសកម្មដូចមុនវិបត្តិកូវីដ១៩នោះទេ ប៉ុន្តែសម្រា​ប់អចលនទ្រព្យតម្លៃក្រោមទីផ្សារនៅតែលក់បាន។

លោកបន្តថា “ក្រុងសៀមរាបមានតែ៤សង្កាត់ប៉ុណ្ណោះ ហើយសង្កាត់ស្វាយដង្គុំ ជាសង្កាត់កណ្តាលក្រុង ដែលតម្លៃដីធ្លីនៅតែមានការទិញ លក់តិចតួច”។ លោកបន្តថា “ខ្ញុំរំពឹងថា នៅពេលព្រលានយន្តហោះសៀមរាប អង្គរបើកដំណើរការ ខ្ញុំជឿថាសកម្មភាពសេដ្ឋកិច្ច និងភ្ញៀវទេសចរណ៍បរទេសនឹងកើនឡើង”។

លោកកែវ សុធារ៉ាបានបន្តថា ធម្មតាក្រុមហ៊ុនវិនិយោគព្រលានយន្តហោះ ដែលចំណាយប្រាក់ជាង១០០០លានដុល្លារ ពិតជាចំនួនច្រើនណាស់ ហេតុនេះពួកគាត់នឹងស្វែងរកដៃគូវិនិយោគ ក៏ដូចជាទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ចុះចតកាន់តែច្រើនមិនខាន ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ប៉ុណ្ណោះ បានភ្ជាប់ជើងហោះហើរមកកាន់ក្រុងសៀមរាប។

លោកបន្តទៀតថា ទីផ្សារអចលនទ្រព្យ នៅខេត្តសៀមរាបនៅតែមានឱកាសសម្រាប់វិនិយោគយកផលចំណេញ ស្របពេលរដ្ឋាភិបាលបាន និងកំពុងដាក់ចេញផែនការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប និងផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះ និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែតនាពេលអនាគតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here