ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមសេដ្ឋវិទូ និងមន្ត្រីឧស្សាហកម្មបានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធសាជីវកម្ម ដើម្បីទាក់ទាញខ្សែសង្វាក់ផលិតកម្ម នៅក្រៅប្រទេសរបស់ក្រុមហ៊ុនក្នុងស្រុកត្រឡប់មកវិញ។
ទោះជាយ៉ាងនេះ ក្រុមហ៊ុននានាហាក់ដូចជាមិនពេញចិត្ត ចំពោះកញ្ចប់លើកទឹកចិត្តពន្ធ នាពេលថ្មីៗនេះរបស់រដ្ឋាភិបាលនោះទេ ដោយសារកញ្ចប់ទាំងនេះ នៅតែមិនបំពេញតាមស្តង់ដារសកល ហើយវាក្លាយជាបន្ទុកមួយ ជាពិសេសចំពោះក្រុមហ៊ុនធំៗ ដែលត្រូវវិនិយោគច្រើន ដើម្បីផ្ទេរមូលដ្ឋានផលិតកម្មរបស់ពួកគេ ចូលមកក្នុងប្រទេសវិញ។
លោក Kim Moon-tae ប្រធានផ្នែកគោលនយោបាយឧស្សាហកម្មនៅសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ បានលើកឡើងថា “ខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុងត្រូវបានរៀបចំឡើងវិញ ក្នុងល្បឿនយ៉ាងលឿន ដូចដែលបានបង្ហាញពីការចាកចេញ នាពេលថ្មីៗនេះរបស់ក្រុមហ៊ុនអន្តរជាតិពីប្រទេសចិន” ។អ្នកជំនាញរូបនេះបានចង្អុលបង្ហាញថា គោលនយោបាយទាក់ទាញក្រុមហ៊ុន ក្នុងស្រុកត្រឡប់មកវិញរបស់កូរ៉េខាងត្បូង នៅតែមានកម្រិតទាបជាង បើធៀបនឹងដៃគូពិភពលោកផ្សេងៗរបស់ខ្លួន។
យោងតាមលោកKim Moon-tae បានឱ្យដឹងទៀតថា នៅក្រោមស្ថានភាពបច្ចុប្បន្ននេះ ក្រុមហ៊ុននានានឹងជ្រើសរើស សាងសង់រោងចក្រផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងប្រទេសណា ដែលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធល្អប្រសើរជាងយើង។
ផ្ទុយទៅវិញ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក និងជប៉ុនកំពុងគាំទ្រយ៉ាងចាស់ដៃ និងទាក់ទាញក្រុមហ៊ុនក្នុងស្រុក ដែលបានផ្លាស់ទៅបរទេស ឱ្យត្រឡប់ចូលមកប្រទេសកំណើតវិញ តាមរយៈការដាក់ចេញ គោលនយោបាយលើកទឹកចិត្តនានា ដោយសហរដ្ឋអាមេរិក បានដាក់ចេញច្បាប់កាត់បន្ថយអតិផរណា៕