ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លី នៅតែមើលឃើញឱកាសវិនិយោគដីធ្លី នៅតែមានផលចំណេញសម្រាប់អនាគត។
ប្រធានសមាគមអចលនទ្រព្យសកល លោកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍នៅវេទិកាមួយ ដែលរៀបចំដោយក្រុមហ៊ុនKW Cambodiaកាលពីចុងសប្តាហ៍មុនថា ការវិនិយោគដីធ្លីនីតែមានឱកាសចំណេញ ប៉ុន្តែអ្នកវិនិយោគត្រូវប្រាកដ និងដឹងខ្លួនថា ការវិនិយោគដីធ្លីត្រូវការរយៈពេលវែង មិនមែនដូចការទិញ លក់ត្រី ឬមាន់នៅទីផ្សារនោះទេ។
-->
លោកបន្តថា “ហេតុនេះ ក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនជាអ្នកមានលុយច្រើននៅធនាគារ ឬមានលុយច្រើនមិនមានបញ្ហាដល់លំហូរសាច់ប្រាក់សម្រាប់គ្រួសារ ឬអាជីវកម្មរបស់ខ្លួនទេ សូមបន្តវិនិយោគ”។លោកបន្តថា “ផ្ទុយទៅវិញ ប្រសិនជាមានលំហូរសាច់ប្រាក់មិននឹងន ឬប្រផុតប្រផើយ មិនគួរវិនិយោគនោះទេ ព្រោះការទិញអចលនទ្រព្យនៅពេលនេះ ទោះបីបានតម្លៃល្អ ប៉ុន្តែវាត្រូវការពេលវេលា ដើម្បីទទួលបានឱកាសចំណេញ”។
លោកឧកញ៉ាសំ សុខនឿនបានបន្តទៀតថា ការទិញដីនៅជាយក្រុងភ្នំពេញ “ជាជម្រើសល្អ” សម្រាប់ការវិនិយោគនាពេលនេះ ព្រោះស្ថានភាពសេដ្ឋកិច្ច នៅតំបន់ជាយក្រុងភ្នំពេញ នៅតែមានភាពល្អប្រសើរ ដោយសារមានមនុស្សរស់នៅច្រើន មានរោងចក្រ សហគ្រាសច្រើន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល មានភាពល្អប្រសើរ។
លោកឧកញ៉ាបន្តទៀតថា ស្ថានភាពទីផ្សារនៅក្រោយការបោះឆ្នោត គឺមានភាពកាន់តែប្រសើរ ដោយអ្នកវិនិយោគជាតិ អន្តរជាតិបានចាប់ផ្តើមវិនិយោគ មិនរង់ចាំមើលទៀតនោះទេ ប៉ុន្តែពួកគេទិញអចលនទ្រព្យក្នុងគោលដៅច្បាស់លាស់ជាងមុន៕