Hattha top Banner

ទីផ្សារលំនៅដ្ឋានក្នុងទីក្រុងបាងកករំពឹងបន្តធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

បាងកក: កម្រិតខ្ពស់នៃបំណុលគ្រួសារ ការកើនឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៃអំណាចទិញ កំពុងបង្កឱ្យមានការរង្គោះរង្គើនៅក្នុងទីផ្សារលំនៅដ្ឋានរបស់ប្រទេសថៃ។

យោងតាមរបាយការណ៍មជ្ឈមណ្ឌលស្រាវជ្រាវ Kasikornbank បានឱ្យដឹងថា តម្រូវការលំនៅដ្ឋាន ដែលនៅមានកម្រិតទាបនឹងបន្ត​អូសបន្លាយរហូត​ដល់​ដំណាច់ឆ្នាំ​នេះ។  របាយការណ៍បានបន្តថា ការលក់ផ្ទះនៅទីក្រុងបាងកក និងតាមជាយក្រុងរបស់ខ្លួន អាចនឹងធ្លាក់ចុះ៧,៨%នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។

មជ្ឈមណ្ឌលស្រាវជ្រាវខាងលើបានឱ្យដឹងថា ការលក់ផ្ទះមាននិន្នាការធ្លាក់ចុះ ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ ហើយរឿងនេះបានកើតឡើង ទោះបីជាជនបរទេសបានត្រឡប់មកទិញខុនដូ នៅប្រទេសយើងច្រើនឡើងវិញយ៉ាងណាក្តី។

ទីផ្សារបានស្រូបយកការកើនឡើង យ៉ាងឆាប់រហ័សនៃតម្រូវការពីជំងឺរាតត្បាតរួចមកហើយ ជាពិសេសនៅពេលដែលលក្ខណៈវិនិច្ឆ័យលើប្រាក់កម្ចី ធៀបទៅតម្លៃ(loan-to-value)ត្រូវបានបន្ធូរបន្ថយ។

បន្ថែមពីលើនោះ អំណាចនៃការទិញរបស់អតិថិជន មិនទាន់បានងើបឡើងវិញពេញលេញ ពីជំងឺរាតត្បាតនៅឡើយទេ បំណុលគ្រួសារនៅតែខ្ពស់ ហើយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ កំពុងកើនឡើង។

ក្នុងអំឡុងពេល៧ខែដំបូង ដើមឆ្នាំនេះ ការកក់ទិញអចលនទ្រព្យប្រភេទលំនៅដ្ឋាន នៅក្នុងតំបន់ទីក្រុងបាងកក បានដាំក្បាលចុះប្រហែល១២% ធៀបនឹងឆ្នាំមុន ខណៈដែលការផ្ទេរអចលនទ្រព្យក្នុងឆមាសទីមួយបានធ្លាក់ចុះប្រហែល៣%។

មជ្ឈមណ្ឌលស្រាវជ្រាវខាងលើរំពឹងថា ទីផ្សារលំនៅដ្ឋាននឹងមានស្ថិរភាពនៅឆ្នាំក្រោយ ហើយការផ្ទេរអចលនទ្រព្យអាចកើនឡើងចន្លោះពី១,២% ទៅ៤,៦% ចាប់ពីឆ្នាំនេះ នៅទីក្រុងបាងកក និងតំបន់ជុំវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here