ផ្លូវរថភ្លើងល្បឿនលឿនបាងកក-ណងខៃតភ្ជាប់ជាមួយប្រទេសចិនគ្រោងបើកដំណើរការនៅឆ្នាំ២០២៧

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដំណាក់កាលដំបូង ក្នុងការសាងសង់​រថភ្លើង​ល្បឿន​លឿន​ថៃ​-​ចិន​ រវាង​ទីក្រុង​បាងកក និង​ខេត្តណងខៃ សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយ​ការ​សាងសង់​កំណាត់​ផ្លូវ​ប្រវែងជាង២៥០ គីឡូម៉ែត្រ ​រវាង​ទីក្រុង​បាងកក និង​ខេត្តនគររាជសីមា សម្រេច​បាន​ជិត៤០ភាគរយ​។

ចំពោះកំណាត់ផ្លូវទីពីរ ដែលតភ្ជាប់រវាងខេត្តនគររាជសីមា និងខេត្តណងខៃ ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) ថ្មីៗនេះបានបញ្ចប់ការសិក្សា និងការរចនាគម្រោង ហើយរួចរាល់ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។ នេះបើយោងតាមលោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូនថៃ។

កំណាត់ផ្លូវរវាងបាងកក-នគររាជសីមា  មានផ្លូវដែកលើអាកាសប្រវែង១៨១,៩គីឡូម៉ែត្រ ផ្លូវដែកផ្ទាល់ដីប្រវែង៦៤គីឡូម៉ែត្រ និងផ្លូវរូងក្រោមដី៦,៤គីឡូម៉ែត្រ។ តម្លៃនៃកំណាត់ផ្លូវនេះ ត្រូវបានគេប៉ាន់ស្មានថា មានទឹកប្រាក់ប្រហែល១៧៩,៤ពាន់លានបាត។

នៅលើខ្សែផ្លូវនេះ នឹងមានស្ថានីយ៍ចំនួន៦ ដូចជា ស្ថានីយធំ Bang Sue ស្ថានីយ Don Muang ស្ថានីយ Ayutthaya ស្ថានីយ Saraburi ស្ថានីយ Pak Chong និងស្ថានីយ Nakhon Ratchasima។

យោងតាមលោក Surapong បានឱ្យដឹងថា ការសាងសង់បានជួបប្រទះបញ្ហាជាច្រើន រួមទាំងការពន្យាពេល ដោយសារផលប៉ះពាល់ដែលអាចកើតមាន លើតំបន់បេតិកភណ្ឌពិភពលោក នៅអយុ​ធ្យា ការផ្លាស់ប្តូរការរចនាពីផ្លូវផ្ទាល់ដី ទៅជាផ្លូវលើអាកាសសម្រាប់កិច្ចសន្យាជាក់លាក់។

បញ្ហាផ្សេងៗទៀតមានដូចជា ការតម្រូវឱ្យមានការកែសម្រួលការសិក្សាវាយតម្លៃ ផលប៉ះពាល់ទៅលើបរិស្ថាន និងភាពត្រួតស៊ីគ្នានៃការងារស៊ីវិលរវាងគម្រោងនេះ និងគម្រោងរថភ្លើងល្បឿនលឿនដែលតភ្ជាប់អាកាសយានដ្ឋានដនមឿង-សុវណ្ណភូមិ និងអ៊ូតាប៉ាវ។

ទោះជាយ៉ាងណាក្តី គម្រោងនេះនៅតែត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់រួចរាល់ សម្រាប់បើកដំណើរការបម្រើ ដល់សេវាកម្មសាធារណៈនៅឆ្នាំ២០២៧ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here