ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ឥណទានសម្បទានដល់កម្ពុជា ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរបាសាក់ និងចក្រអង្រែក្រោមហើយ ដែលស្ពាននេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍រវាងផ្លូវជាតិលេខ១ និងលេខ២។
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកលី ឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិចំនួន១៥ផ្សេងទៀត។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ម្តេចហ៊ុន ម៉ាណែត ទៅប្រទេសចិន កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០២៣។គម្រោងស្ពានព្រែកប្រា-ចាក់អង្រែ ត្រូវបានក្រសួងសារធារណការ និងដឹកជញ្ជូន បញ្ចប់ការសិក្សារួចរាល់ហើយ គ្រោងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកន្លងមកថា គម្រោងស្ពាននេះ នឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍។លើសពីនេះទៀត ការតភ្ជាប់ស្ពានពីត្រើយខាងលិច ទៅត្រើយខាងកើតនៃទន្លេបាសាក់ គឺជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។
ស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រានេះ ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះ មានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក៕