ដោយៈ ជេស៊ីកា
ភ្នំពេញៈ របាយការណ៍បានបង្ហាញថា កម្ពុជាមានបំណុលសាធារណៈជាង១០ពាន់លានដុល្លារ ប៉ុន្តែជាចំនួនល្អប្រសើរ និងស្ថិតក្នុងការគ្រប់គ្រងបាន។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តើធៀបជាមួយផលទុនជាតិសរុប បំណុលកម្ពុជាស្ថិតនៅលេខរៀងណាទីប៉ុន្មាន បើធៀបជាមួយបណ្រាប្រទេសក្នុងតំបន់អាស៊ាន?។
-->
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា បំណុលសរុបរបស់រដ្ឋាភិបាលបានព្យាករណ៍ថា នឹងកើនឡើងដល់៣៧,៥ភាគរយ ធៀបនឹងផលិតផល ឬផលទុនជាតិសរុបស្រុកសរុបក្នុងឆ្នាំ២០២៣ ទាបជាងប្រទេសឡាវ ដែលបានព្យាករក្នុងចំនួន១២៣ភាគរយ។ ប្រទេសមីយ៉ាន់ម៉ា៦១,៣ភាគរយ សិង្ហបុរី១៣៤,៥ ភាគរយ ប្រទេសថៃ៦១ភាគរយ ប្រទេសម៉ាឡេស៊ី៦៧ភាគរយ ឥណ្ឌូនេស៊ី ៣៩,១ភាគរយ ប្រទេសហ្វីលីពីន៥៦,៧ ភាគរយ ប៉ុន្តែខ្ពស់ជាងប្រទេសវៀតណាមបន្តិច ដែលមាន៣៦,៣ភាគរយ ខណៈប្រទេសប្រ៊ុយណេគ្មានបំណុលសាធារណៈនោះឡើយ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ឲ្យដឹងថា ឥណទានរបស់រដ្ឋាភិបាល គឺបានដើរតួនាទីសំខាន់ សម្រាប់ជួយឱ្យរដ្ឋាភិបាល នៃប្រទេសនីមួយៗយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍប្រទេសជាតិ ដោយគ្រាន់តែឥណទានរបស់រដ្ឋាភិបាលប្រទេសខ្លះតិច និងប្រទេសខ្លះច្រើនប៉ុណ្ណោះ។
លោកបន្តថា “ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាតែងទទួលបានឥណទាន នៅក្នុងអត្រាការប្រាក់ទាប ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ព្រមទាំងដៃគូផ្សេងៗផងដែរ”។
លោកបណ្ឌិតហ៊ុង វណ្ណៈបានបញ្ជាក់ថា ការទទួលបានឥណទានជាបន្តបន្ទាប់នេះ គឺដោយសារតែប្រទេស /ដៃគូដែលផ្តល់ឥណទានទាំងអស់នោះ មើលឃើញពីប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទានចំគោលដៅ និងសមត្ថភាព ព្រមទាំងភាពច្បាស់លាស់នៃការសងត្រឡប់ទៅវិញផងដែរ។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ បានព្យាករថា បំណុលទូទៅសរុបរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងកើនដល់៣៧,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៣នេះ ដោយកើនពី៣៦,៥ភាគរយ ក្នុងឆ្នាំ២០២២ ដែលជាអត្រាមួយទាបជាងប្រទេសសមាជិកអាស៊ានជាច្រើនទៀត៕