Hattha top Banner

រដ្ឋាភិបាលនឹងអនុវត្តន៍ការយកពន្ធលើចំណេញមូលធន២០ភាគរយនៅឆ្នាំ២០២៤ខាងមុខ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ រដ្ឋនឹងអនុវត្តពន្ធ លើចំណេញមូលធន២០ភាគរយ លើអ្នកដែលលក់អចលនទ្រព្យចំណេញ។ការអនុវត្តក្នុងការប្រមូលពន្ធ លើចំណេញមូលធននេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានពន្យាពេលអនុវត្តរយៈពេល៣ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។

រដ្ឋមន្រ្តីប្រតិភូអមនាយកមន្រ្តី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានគូសបញ្ជាក់ឱ្យដឹងបែបនេះ កាលពីចុងសប្តាហ៍មុន ស្តីពីការយល់ដឹងអំពីពន្ធដារ ដោយលោកអះអាងថា បើគ្មានអ្វីប្រែប្រួល រដ្ឋនឹងចាប់ផ្តើមអនុវត្តពន្ធ លើចំណេញមូលធននៅដើមឆ្នាំ២០២៤។

លោក គង់ វិបុល បានបញ្ជាក់ថា “ប្រជាពលរដ្ឋដែលលក់អចល​នទ្រព្យខាតឬក៏ត្រឹមរួចខ្លួន គឺអត់ជាប់ពន្ធលើចំណេញ មូលធន២០ភាគរយនោះទេ ពោលរដ្ឋប្រមូលពន្ធលើម្ចាស់អចលនទ្រព្យ ដែលលក់អចលនទ្រព្យ បានទទួលប្រាក់ចំណេញតែប៉ុណ្ណោះ”។លោកគង់ វិបុលបញ្ជាក់ថា “យើងខ្ញុំ(រដ្ឋ) យកតែ២០ភាគរយ បន្ទាប់ពីការកាត់កង ដែលរដ្ឋអនុញ្ញាតឱ្យកាត់កង៨០ភាគរយហើយ”។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ពន្យល់ដូច្នេះថា ច្បាប់ និងបទបញ្ញត្តិបានអនុញ្ញាតថា ឥឡូវលក់១លាន(ដុល្លារ) កាត់កង៨០ម៉ឺន(ដុល្លារ)ចេញ ទុក២០ម៉ឺន(ដុល្លារ)គុណជាភាគរយទៅ វាស្មើនឹង៤ម៉ឺន(ដុល្លារ)។ អ៊ីចឹងលក់(ផ្ទះបាន)១លានដុល្លារ អ៊ីចឹងត្រូវបង់ពន្ធ៤ម៉ឺនដុល្លារ។ ការធ្វើនេះគឺស្លូតបូត ហើយសម្រួលមែនទែន សម្រាប់វិស័យអចលនទ្រព្យ និងបងប្អូនពលរដ្ឋរបស់យើង។លោក គង់ វិបុលបានបញ្ជាក់ថា “ការអនុវត្តពន្ធលើចំណេញមូលធននេះ គឺមិនប៉ះពាល់ដល់វិស័យ អចលនទ្រព្យនៅកម្ពុជានោះទេ”។

លោកបានបន្តថា នេះជាវិធានការមួយ ក្នុងចំណោមវិធានការដទៃទៀត ក្នុងការកៀរគរចំណូលពន្ធចូលរដ្ឋ ឱ្យសម្រេចតាមផែនការ ហើយក៏ជាគោលការណ៍ នៃការពង្រឹងអនុលោមភាព និងភាពស្មើគ្នាក្នុងការបង់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here