ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងចូលរួមកិច្ចប្រជុំលើកទី២៥ នៃសមាជសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធក្នុងវិស័យ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះ ដោយសារតែការថមថយសេដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។
កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៨-២០ ខែកញ្ញា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀប បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសមាជនេះ បានមានប្រសាសន៍ថា សមាជនេះគឺតែងធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ជាពិសេសគឺការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធ នឹងការវាយតម្លៃអចលនវត្ថុ និងការពង្រឹងធនធានមនុស្ស។
លោកបញ្ជាក់ថា “យើងចូលរួមកិច្ចប្រជុំរបស់ AVA ដោយសារយើងគឺជាសមាជិក ខណៈសមាគមនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៨១ ដោយមានទិសដៅក្នុងការលើកតម្លៃ ដល់អ្នកវាយតម្លៃអចលនទ្រព្យ ដែលមានសមត្ថភាព ក្នុងការវាយតម្លៃអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ និងដើម្បីលើកកម្ពស់ធនធានមនុស្ស តាមរយៈការផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗក្នុងតំបន់អាស៊ាន”។
លោកបន្តថា គោលបំណងដែលយើងទៅចូលរួម គឺដើម្បីចែករំលែកបទពិសោធន៍នៅកម្ពុជា ពាក់ព័ន្ធនឹងការវាយតម្លៃវិស័យអចលនទ្រព្យ។ យើងក៏ទៅរៀនសូត្រពីគេផងដែរ ដោយសារកិច្ចប្រជុំនេះគឺធ្វើឡើងរៀងរាល់ឆ្នាំ។ ដូច្នេះសម្រាប់ប្រទេសណា ពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ គឺមានឱកាសរៀនសូត្រ ដើម្បីយកទៅអនុវត្តន៍ក្នុងប្រទេសរបស់ពួកគេ។
ប្រធានក្រុមហ៊ុនអចលនទ្រព្យ CPL លោកឧកញ៉ាចេង ខេង ដែលបានចូលរួមសមាជផងដែរនោះបាននិយាយថា សមាជនេះគឺមានសារៈសំខាន់ណាស់ ដែលប្រទេសជាសមាជិកទាំងអស់ អាចលើកយកបញ្ហានានា និងចែករំលែកវិធីសាស្ត្រដោះស្រាយ ពេលមានវិបត្តិណាមួយកើតឡើងនាពេលខាងមុខ។
លោកបានថ្លែងថា “ខ្ញុំយល់ឃើញថា សម្រាប់តំបន់អាស៊ានយើងនេះ គឺមានមោទនភាពដែលយើងមាន AVA ដែលជាសមាគមប្រចាំតំបន់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងបណ្តាប្រទេសទាំងអស់ក្នុងអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ នៃការវាយតម្លៃអចលនវត្ថុរបស់ប្រទេសរៀងៗខ្លួន សំដៅធ្វើយ៉ាងណាឱ្យការវាយតម្លៃរបស់ពួកយើង មានគោលការណ៍ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈដើម្បីធ្វើការរួមគ្នាលើវិស័យនេះ”៕